(ភ្នំពេញ)៖ មូលនិធិរូបិយវត្ថុពិភពលោក (IMF) បានព្យាករណ៍សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំនេះថា មានការកើនឡើងដល់៧.៣%។
ការព្យាករណ៍បែបនេះ របស់ IMF ធ្វើឡើងក្នុងឱកាសដែលលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អនុញ្ញាតឲ្យក្រុមបេសកកម្មមាត្រា IV របស់ IMF ដឹកនាំដោយលោក Jarkko Turunen ចូលជួបសំណេះសំណាល់រាយការណ៍ពី ការវាយតម្លៃស្ថានសេដ្ឋកិច្ចនៅឆ្នាំ២០១៨ និងទស្សនវិស័យក្នុងរយៈពេលមធ្យមនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
IMF បានព្យាករណ៍ទៀតថា ជាមួយនឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះទុនបម្រុងអន្ដរជាតិត្រូវរំពឹងថា បន្ដកើនឡើងដល់៩.៦ប៊ីលានដុល្លារអាមេរិកនៅចុងឆ្នាំ២០១៨ ដែលធានាការទូទាត់ការនាំចូលនាឆ្នាំបន្ទាប់បានប្រមាណ៥ខែ។ ចំណែកឯវិស័យធនាគារ មានវឌ្ឍនភាពល្អប្រសើរដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសុខភាពល្អ ហើយបន្ដសេវាហិរញ្ញវត្ថុដោយប្រសិទ្ធភាព ដែលបានពង្រីកបរិយាប័ន្នហិរញ្ញវត្ថុជាលំដាប់។
IMF បានឲ្យដឹងទៀតថា កំណើនឥណទានរបស់គ្រឹះស្ថានធនាគារត្រូវបានរំពឹងថា កើនឡើងប្រមាណ១៩% ហើយឥណទានដែលផ្ដល់ដោយ វិស័យមីក្រូហិរញ្ញវត្ថុកើនឡើង៣៤%។
ក្រុមបេសកកម្មមាត្រា IV របស់ IMF បានឲ្យដឹងទៀតថា នៅឆ្នាំ២០១៩ និងរយៈពេលមធ្យមកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងរក្សាក្នុងរង្វង៧% ជាមួយអត្រាអតិផរណាក្នុងរង្វង់៣% ក្នុងរយៈកាលមធ្យម។ ក្រុមបេសកកម្មបានផ្ដល់អនុសាសន៍ដល់កម្ពុជា ឲ្យបន្ដធ្វើកំណែទម្រង់ចម្បងៗ និងបន្ដពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងហានីភ័យដែលអាចនឹងកើតមានឡើងផងដែរ។
លើសពីនេះទៀតក្រុមបេសកកម្ម របស់ IMF បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបានវឌ្ឍនភាពសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់រឹងមាំ និងកំណែនទម្រង់សំខាន់ៗ នារយៈពេលកន្លងមក។
ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវាយតម្លៃសេដ្ឋកិច្ច និងអនុសាសន៍របស់ IMF ដែលនឹងរួមចំណែកផ្ដល់ជាធាតុចូល ក្នុងការរៀចំគោនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងហរិញ្ញាវត្ថុនៅកម្ពុជា៕