(ភ្នំពេញ)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ បានទទួលជួបក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ដោយក្នុងនោះមានវត្តមានរបស់តំណាងក្រុមហ៊ុន Ford, Visa និង Master ជាដើម។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា អំពីលទ្ធភាពពង្រីកអាជីវកម្ម របស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជា។ កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើ វិស័យកសិកម្ម ទេសចរណ៍ ការទូរទាត់អេឡិចត្រូនិក ការធ្វើទំនើបកម្មទូរគមនាគមន៍ ដែលរួមមាន e-commerce និង e-government។
លោកស្រី ជា សិរី បានបង្ហាញពីភាពរឹងមាំនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងការបើកចំហរបស់សេដ្ឋកិច្ចកម្ពុជា ដែលអាចផ្តល់កាលានុវត្តភាព ដល់ការវិនិយោគនវានុវត្តន៍ និងការធ្វើឌីជីថលភាវូបនីយកម្មជាដើម។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះធនាគារជាតិនៃកម្ពុជា បានបន្តជំរុញដល់ការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ដូចជា៖ ប្រព័ន្ធទូទាត់រហ័ស (FAST) និងប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) រួមជាមួយនឹងការដាក់ចេញនូវបទប្បញ្ញត្តិសមស្របចំពោះក្រុមហ៊ុនផ្តល់សេវាទូទាត់នានា
បន្ថែមពីនេះលោកស្រី បានលើកឡើងពីសក្តានុពលនៃ វិស័យកសិកម្មនៅកម្ពុជា ដែលសម្បូរដោយផ្ទៃដីអាចដាំដុះបាន ជាមួយនឹងការអាចឈានជើង ចូលក្នុងទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន ខណៈដែលវិស័យនេះមិនទាន់ទទួលបានការវិនិយោគច្រើននៅឡើយ៕