(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឱ្យបងប្អូនកម្មករ និយោជិត បានជួបជុំគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ការអះអាងនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងការងារ ចាត់វិធានការផ្អាកការផ្សាយ បទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» ដែលច្រៀងដោយ លោក ម៉ៅ ហាជី តារាចម្រៀងផលិតកម្មថោន។ លោក ហេង សួរ បានបន្តថា ការស្នើដាក់វិធានការនេះ ដោយសារតែបទចម្រៀងនេះ បានធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាល ដែលកំពុងអនុវត្តចំពោះកម្មករនិយោជិត ហើយខ្លឹមសារនៃបទចម្រៀនេះ ហាក់ខុសឆ្ងាយពីការពិត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចឲ្យកម្មករ និយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃថែមទៀត នៅក្នុងឱកាសភ្ជុំបិណ្ឌនេះ។
លោក ហេង សួរ បានបន្តថា មិនតែប៉ុណ្ណោះ ដើម្បីសម្រួលដល់បងប្អូន កម្មករនិយោជិតនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញរថយន្តក្រុង ដឹកជូនបងប្អូនកម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋ រយៈពេល៦ថ្ងៃ ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះថែមទៀត៕