(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងមិនផ្ដល់ទិដ្ឋាការ ដល់ដៃគូស្រឡាញ់ភេទដូចគ្នារបស់ក្រុមមន្ត្រីទូតបរទេស និងបុគ្គលិករបស់អង្គការសហប្រជាជាតិទៀតឡើយ ហើយសិនជាពួកគេចង់ទិដ្ឋាការ ទាល់តែរៀបការស្របច្បាប់ជាមុនសិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
សារព័ត៌មាន Reuters ផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក ដែលស្និទ្ធនឹងបញ្ហានេះ បានបញ្ជាក់ទៀតថា ការអនុវត្តនេះបានចូលជាធរមានកាលពីថ្ងៃចន្ទ ខណៈដៃគូស្រឡាញ់ភេទដូចគ្នារបស់ក្រុមមន្ត្រីទូតខាងលើ មានរយៈពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ដើម្បីចាកចេញពីសហរដ្ឋអាមេរិក។ ប៉ុន្តែបើសិនជាពួកគេចង់បន្តស្នាក់នៅក្នុងសហរដ្ឋអាមេរិកតទៅទៀត ពួកគេត្រូវតែរៀបការដោយស្របច្បាប់ ឬផ្លាស់ប្ដូរប្រភេទទិដ្ឋាការរបស់ខ្លួនជាមុនសិន។
ក្រុមមន្ត្រីអាមេរិកទាំងនេះបានឱ្យដឹងដូច្នេះថា «ក្រសួងការបរទេសអាមេរិក នឹងមិនផ្ដលទិដ្ឋការប្រភេទ G-4 ឱ្យដល់ដៃគូស្រឡាញ់ ភេទដូចគ្នារបស់ក្រុមមន្ត្រីទូតបរទេស និងបុគ្គលិករបស់អង្គការសហប្រជាជាតិទៀតឡើយ... តែពួកគេអាចនឹងទទួលបានទិដ្ឋាការ ប្រភេទនេះ បើសិនជាពួកគេរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់»។
គួរបញ្ជាក់ថា បច្ចុប្បន្នមានប្រទេសចំនួន ២៥ បានផ្ដល់ភាពស្របច្បាប់ដល់ការអាពាហ៍ពិពាហ៍ នៃអ្នកស្រឡាញ់ភេទដូចគ្នា រីឯប្រទេសជាច្រើនទៀតមិនទាន់ទទួលស្គាល់ឡើយ៕