(ភ្នំពេញ)៖ កុមារកម្ពុជាដណ្ដើមបានមេដាយ០៧គ្រឿង ក្នុងនោះមេដាយប្រាក់០២គ្រឿង និងមេដាយសំរឹទ្ធ០៥គ្រឿង ពីព្រឹត្តិការណ៍ប្រកួតប្រជែងគណិតវិទ្យា និងវិទ្យាសាស្ត្រអូឡាំព្យាដ អន្តរជាតិលើកទី១៥ នៅខេត្ត Zhejiang ប្រទេសចិន។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ បានបញ្ជូនគ្រូដឹកនាំចំនួន៦រូប និងបេក្ខជនចំនួន២៤រូប ដែលមានអាយុចាប់ពី១១ឆ្នាំ ដល់១៣ឆ្នាំ ទៅចូលរួមការប្រកួតប្រជែងនេះ ក្នុងគោលបំណងជំរុញឱ្យសិស្សកម្រិតបឋមសិក្សា ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ការប្រកួតនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។
កុមារទាំង៧រូប ដែលឈ្នះមេដាយរួមមាន៖
* ផ្នែកគណិតវិទ្យា មាន៤នាក់គឺ យុវសិស្ស យុទ្ធ មុនីឧត្តម ភេទប្រុស មេដាយប្រាក់២គ្រឿង, យុវសិស្ស ឡាយ សម្បត្តិ ភេទប្រុស មេដាយសំរិទ្ធ១គ្រឿង, យុវសិស្ស ព្រេមមី ណូយ៉ាន ភេទប្រុស មេដាយសំរិទ្ធ១គ្រឿង, និងយុវសិស្ស ស៉ឹម គ្រីស្ទីណូ ភេទប្រុស មេដាយសំរិទ្ធ១គ្រឿង ហើយអ្នកទាំង៤មកពី រាជធានីភ្នំពេញ។
* ផ្នែកវិទ្យាសាស្ត្រ មាន៣នាក់គឺ យុវសិស្ស ឆៃ លី តុងហេង ភេទប្រុស មេដាយប្រាក់១គ្រឿង, យុវសិស្ស តៃ អេមីលី ភេទស្រី មេដាយសំរិទ្ធ១គ្រឿង, និងយុវសិស្ស វឌ្ឍន៍ រ័ត្នរេណា ភេទស្រី មេដាយសំរិទ្ធ១គ្រឿង ហើយអ្នកទាំង៣ក៏មកពីរាជធានីភ្នំពេញ ដូចគ្នាដែរ៕