(ចិន)៖ កម្មវិធីផ្ញើសារថ្មីមួយរបស់ចិនឈ្មោះថា Bullet Messenger កំពុងចង់ផ្លាស់ប្តូរឥទ្ធិពលនាំមុខគេរបស់កម្មវិធី WeChat ដែលជាកម្មវិធីផ្ញើសារធំបំផុតមួយ នៅក្នុងប្រទេសចិន។
កម្មវិធី Bullet Messenger បានបើកដំណើរការជាផ្លូវការកាលពីចុងខែសីហាថ្មីៗនេះ ហើយវាមានបង្អែកពីក្រុមហ៊ុនជំនាញផ្នែកបច្ចេកវិទ្យាសម្គាល់សំឡេង iFlytek និង ក្រុមហ៊ុន អេអាយ ផ្សេងៗទៀត។
កម្មវិធីនេះ មានគេទាញយកមកប្រើក្នុងទូរស័ព្ទជាង១០លានដង ក្នុងរយៈពេល១ខែដំបូងដែលដំណើរការ។ វាមានមុខងារសម្គាល់សំឡេងនៅក្នុងកម្មវិធីស្រាប់ ដែលបកប្រែសារជាសំឡេង ឱ្យទៅជាសារជាអក្សរ។ អ្នកប្រើប្រាស់ អាចស្តាប់ផ្នែកនីមួយៗនៃសំឡេងដែលបានថត ហើយកែឃ្លាដែលគេចង់កែបាន។
ប៉ុន្តែ កម្មវិធី WeChat ដែលជាកម្មវិធីផ្ញើសារដែលវិវឌ្ឍទៅមុខឥតឈប់ឈរ របស់ក្រុមហ៊ុន ធែនស៊ែន (Tencent) កំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសចិន ដោយសារតែវាមានប្រព័ន្ធដំណើរការផ្សេងៗដែលគ្រប់ជ្រុងជ្រោយ។ WeChat បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនជាច្រើននៅប្រទេសចិន ទៅហើយ។
ប្រជាពលរដ្ឋម្នាក់និយាយថា «ខ្ញុំពឹងផ្អែកលើ WeChat ទាំងស្រុងតែម្តង។ ខ្ញុំប្រើវាមិនឈប់ទេ ហើយខ្ញុំក៏ប្រើវាសម្រាប់ទូទាត់ថ្លៃទំនិញនិងសេវាកម្មស្ទើរតែគ្រប់មុខដែរ»។
វិធីរបស់កម្មវិធី Bullet Messenger ដើម្បីប្រជែងជាមួយឥទ្ធិពលនាំមុខរបស់ WeChat គឺជាប្រធានបទដ៏ក្តៅនាពេលសព្វថ្ងៃ។
លោក ចេហ្វហ្វ្រ៊ី ថូវសិន សាស្ត្រាចារ្យផ្នែកវិនិយោគ នៅសាកលវិទ្យាល័យប៉េកាំង និយាយថា «តើកម្មវិធី Bullet Messenger អាចពង្រីកចំនួនអ្នកប្រើប្រាស់នៅក្នុងទីផ្សារដ៏ប្រកួតប្រជែងនេះបាន មុនពេលក្រុមហ៊ុន ធែនស៊ែន មានប្រតិកម្មអ្វីមួយដែរឬទេ? គេមានអ្នកចុះឈ្មោះប្រើ គឺជាសញ្ញាល្អហើយ។ ប៉ុន្តែជំហានបន្ទាប់ គឺថាតើប្រជាជននឹងប្រើកម្មវិធីថ្មីនេះ រៀងរាល់ថ្ងៃដែរឬទេ? ដើម្បីរីកចម្រើនបានលឿនក្នុងទីផ្សារដ៏ប្រកួតប្រជែងនេះ គេត្រូវធ្វើឱ្យបានល្អ។ ប៉ុន្តែបើសិនជា ធែនស៊ែន ឆ្លើយតបមកវិញលឿន ហើយចាប់ផ្តើមបញ្ចូលមុខងារបកប្រែសំឡេងទៅជាអក្សរដែរ វានឹងក្លាយជាដំណឹងអាក្រក់ហើយ។ អញ្ជឹង គេត្រូវប្រថុយនឹងចំនុចនេះ។ ប៉ុន្តែស៊យអី គេមានគូប្រជែងមួយដ៏សែនឆ្លាត ប្រហែលជាក្រុមហ៊ុនដែលឆ្លាតបំផុតនៅប្រទេសចិនផង ក៏ថាបាន»។
រហូតមកដល់សព្វថ្ងៃ កម្មវិធី Bullet Messenger អាចត្រឹមតែបកប្រែសំឡេងឱ្យទៅជាអក្សរប៉ុណ្ណោះ ដោយមិនទាន់អាចបកប្រែទៅជាភាសាអង់គ្លេសបាននោះទេ។ នាយកប្រតិបត្តិក្រុមហ៊ុនផលិតទូរស័ព្ទចិន ស្មាតធីហ្សាន (Smartisan) ដែលបានបណ្តាក់ទុនក្នុងកម្មវិធី Bullet Messenger បាននិយាយថា លោកមានផែនការចំណាយប្រាក់ប្រហែល១៤៥លានដុល្លារអាមេរិក ក្នុងអំឡុងពេល៦ខែទៀត ដើម្បីទាក់ទាញអ្នកប្រើប្រាស់ថ្មីៗឱ្យបាន១០០លាននាក់បន្ថែម។ រហូតមកដល់បច្ចុប្បន្ន Bullet Messenger ប្រមូលប្រាក់វិនិយោគបានប្រហែល២២លានដុល្លារអាមេរិកហើយ៕ (សារព័ត៌មាន CCTV របស់ចិន)