(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា តំណាងសម្តេចអតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងវប្បធម៌ វិចិត្រសិល្បៈ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានដឹកនាំមន្ត្រីរាជការ បានធ្វើពិធីក្រុងពាលី សូត្រមន្ត នមស្កាព្រះរតនត្រ័យ និងសម្តែងធម្មទេសនាសម្រាប់ពិធីកាន់បិណ្ឌវេនទី៩ ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លុះនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ និងមានពិធីរាប់បាត្រព្រះសង្ឃ៣៩ អង្គនៅក្នុងបរិវេណសារមន្ទីរទួលស្លែង។
ជារៀងរាល់ឆ្នាំ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រសួងវប្បធម៌ និងវិចិត្រិល្បៈ តែងនាំមន្ត្រីរាជការក្រសួងរៀបចំពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសលផលបុណ្យដល់ជនរងគ្រោះ ដែលបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងមុនពេលពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់បងប្អូនទាំងអស់ ដែលអ្នកខ្លះស្លាប់ទៅដោយពុំមានក្រុមគ្រួសារ ដើម្បីធ្វើពិធីបុណ្យឱ្យអ្នកខ្លះ ក៏បានបាត់បង់ជីវិតទាំងគ្រួសារតែម្តង ហើយការឧទ្ទិសនៅថ្ងៃនេះ គឺឧទ្ទិសដល់អ្នកបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់លានអ្នកនៅទូទាំងប្រទេស។
នាឱកាសនោះដែរ លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសារមន្ទីរ ទួលស្លែងនាពេលនេះ ដើម្បីរំឭកដល់វិញ្ញាណក្ខន្តអ្នកដែលបានបាត់បង់ ជីវិតនៅសារមន្ទីរទួលស្លែងហៅ (ស២១) ក្នុងរបបប្រល័យពូជសាសន៍ និងឧទ្ទិសជូនដល់ញាតិការទាំង៧សណ្តាន ដែលបានបាត់បង់ជីវិត៕