(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារ ក្នុងសង្កាត់ប្រទះឡាង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម ខ្ទះឆា០១ វែកឆា០១ កំសៀវទឹក០១ និងថវិកា ៣០.០០០រៀល។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជនជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូន ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
លោកក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិយើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។
ជាមួយគ្នានេះ ក៏បានផ្តាំផ្ញើរឲ្យបងប្អូនទាំងអស់ ពិសេសលោកតាលោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរស់នៅបានយូរអង្វែងមើលការអភិវឌ្ឍន៍ រីកចម្រើនរបស់ជាតិយើងបន្តទៀត៕