បងប្អូនបង្កើត៦នាក់ មានជម្លោះរឿងដីកេរ្តិ៍ សំណូមពរឲ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌ (Video inside)
03-10-2018 17:10
(ត្បូងឃ្មុំ)៖ បងប្អូនបង្កើត៧នាក់ ក្នុងនោះមាន៦នាក់ បានសំណូមពរឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជួយរកយុត្តិធម៌ បន្ទាប់ពីបងប្អូនបង្កើតម្នាក់ បានឈ្នះក្តីដល់តុលាការកំពូល និង តុលាការបានចេញសាលដីកាឲ្យរុះរើចំណុចដីទំនាស់នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ។
បើតាមអង្គហេតុក្នុងរឿងវិវាទដីធ្លីនោះ កាលពីឆ្នាំ១៩៩៣ ឈ្មោះ ទឹម មុត បានបែងចែកដីកេរ្តិ៍ឲ្យកូនៗចំនួន៧នាក់ លុះក្រោយមកឈ្មោះ ស៊ុន សុខមាន បានលក់ដី និងផ្ទះឲ្យទៅឈ្មោះ ស៊ុន សុខម៉េង ។ បន្ទាប់មកឈ្មោះ ស៊ុន សុខម៉េង បានចាក់ដីធ្វើរបងថ្មអណ្តូងទឹក អាងទឹក បង្គន់ និងបន្ទប់ទឹកហេតុដូច្នេះហើយ ទើបឈ្មោះ ស៊ុន ចាន់ស្រេង បានប្តឹងឈ្មោះ ស៊ុន សុខម៉េង ឲ្យរុះរើ អ្វីដែលបានសាងសង់នោះចេញ។
រឿងក្តីនោះដែរចាប់តាំងពីសាលាដំបូង រហូតដល់តុលាការកំពូល បានកាត់ឲ្យឈ្មោះ ស៊ុន ចាន់ស្រេងឈ្នះក្តី និងបានចេញសាលដីកាបង្គាប់ឲ្យឈ្មោះ ស៊ុន សុខម៉េង រុះរើ នៅចំណុចដីមានវិវាទដែលត្រូវអនុវត្តនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។
ដោយឡែកនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នេះ លោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងចុះអនុវត្តសាលដីកា ប៉ុន្តែត្រូវបានផ្អាកទៅវិញ ដោយសារ មានការតវ៉ាពីបងប្អូនបង្កើតចំនួន៦នាក់ថា ក្តីនេះមិនយុត្តិធម៌។
ជាមួយគ្នានោះ ភាគីខាងបងប្អូន៦នាក់ បានអះអាងថា ប័ណ្ណកាន់កាប់ដីធ្លីរបស់ដើមបណ្តឹងនោះ ជាប័ណ្ណក្លែងក្លាយ ព្រោះគ្មានស្នាមមេដៃម្តាយចែកកេរ្តិ៍ឲ្យនោះទេ គឺមានតែហត្ថលេខាប្តីរបស់ដើមណ្តឹង និងសាក្សីម្នាក់ ដែលបានស្លាប់បាត់ហើយតែប៉ុណ្ណោះ។ កន្លងមកដើមបណ្តឹងសំអាងលើលិខិតនោះ ធ្វើការប្តឹងផ្តល់រហូតមានការកាត់ឲ្យឈ្នះក្តីពីតុលាការកំពូល។
ជាមួយគ្នានេះដែរ បងប្អូនទាំង៦នាក់ បានសំណូមពរសុំឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មេត្តាជួយរកយុត្តិធម៌ឲ្យពួកគាត់ផង៕