(បន្ទាយមានជ័យ)៖ ដើម្បីធានាសុវត្ថិភាព សុខភាព និងផ្ដល់ឱ្យបានពេញលេញនូវអាហារមានគុណភាពខ្ពស់ ជូនពលរដ្ឋនាឱកាសភ្ជុំបិណ្ឌនេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះផ្សព្វផ្សាយអប់រំដល់អ្នកលក់នឹងអ្នកទិញឱ្យបង្កើនការប្រុងប្រយ័ត្នលក់ និងទិញទំនិញដែលបង្កហានិភ័យដល់សុខភាព។
ប្រតិបត្តិការផ្សព្វផ្សាយនេះ ធ្វើឡើងនៅតាមតូបនៃខ្នងផ្ទះក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក មាសច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង ខេត្តបន្ទាយមានជ័យ។
លោក សានវិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការចុះផ្សព្វផ្សាយនេះ គឺដើម្បីឱ្យពលរដ្ឋចេះ ត្រួតពិនិត្យអំពីចំណីអាហារដែលមានគីមី និងគ្មានគីមីដោយខ្លួនឯង។ការដែលពលរដ្ឋមានការយល់ដឹងខ្ពស់នោះហានិភ័យនៃចំណីអាហារ ចំពោះសុខភាពអ្នកប្រើប្រាស់ និងទទួលទានក៏លែងមានការបារម្ភដែរ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិចុះអប់រំផ្សព្វផ្សាយនោះដែរ មន្ត្រីជំនាញបានដកហូតនូវទំនិញហាមឃាត់ជាច្រើនប្រភេទ ដែលបានតាំងលក់ ពិសេសទឹកខ្មេះរូបទន្សាយដែលគេប្រើប្រាស់សម្រាប់ ក្នុងរោងចក្រសហគ្រាសមិនមែនជាទឹកខ្មេះសម្រាប់បរិភោគនោះទេ៕