Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាល្លឺម៉ង់សន្យាផ្តល់ថវិកា៤.៦លានដុល្លារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធនធានទឹកឆ្លងដែនក្នុងតំបន់ទន្លេមេគង្គ

03-10-2018 16:55

(ឡាវ)៖ រដ្ឋាភិបាលអាល្លឹម៉ង់ បានសន្យាផ្តល់ប្រាក់ចំនួន៤លានអឺរ៉ូ (ប្រមាណ៤.៦លានដុល្លារសហរដ្ឋអាមេរិក) ដល់គណៈកម្មការទន្លេមេគង្គ ដែលហៅកាត់ថា MRC ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធនធានទឹកឆ្លងដែន ក្នុងតំបន់ទន្លេមេគង្គ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការទន្លេមេគង្គ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី០៣ ខែតុលានេះ។

គណៈកម្មការទន្លេមេគង្គ បញ្ជាក់ថា ថវិកានេះ នឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល៣ឆ្នាំ គិតចាប់ពីខែមករា ឆ្នាំ២០១៩ រហូតដល់ ខែធ្នូ ឆ្នាំ២០២១។ ការអនុវត្តថវិកានេះ នឹងធ្វើឡើងតាមរយៈអង្គការអភិវឌ្ឍន៍បច្ចេកទេសអាល្លឺម៉ង់ ដែលហៅកាត់ថា GIZ នេះបើតាមលិខិតផ្លូវការដែលស្ថានទូតអាល្លឺម៉ង់ប្រចាំទីក្រុងវៀនចន្ទ ផ្ញើជូនលេខាធិការដ្ឋាន MRC កាលពីចុងសប្តាហ៍មុននេះ។

លោក ផាំ ទាន់ផាន (Pham Tuan Phan) នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ថ្លែងថា «ការបន្តរួមចំណែកពីប្រទេសអាល្លឺម៉ង់នេះ នឹងជួយពង្រឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់ MRC ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការរៀបចំផែនការ និងការគ្រប់គ្រងតំបន់អាងទន្លេរួមគ្នា ដែលមានលក្ខណៈចូលរួម និងសម្របសម្រួលជាងមុន ខណៈពេលដែលតំបន់អាងទន្លេមេគង្គកំពុងមានការអភិវឌ្ឍ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស»។

លោក Bertrand Meinier នាយកកម្មវិធីសហប្រតិបត្តិការ MRC –GIZ ថ្លែងថា «ការផ្តល់ធនធានហិរញ្ញវត្ថុរបស់យើងនៅថ្ងៃនេះ គឺជាការជួយគាំទ្របន្ថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងតំបន់ទន្លេមេគង្គ ដែលអនុវត្តដោយ MRC ដើម្បីធានាឱ្យមានការបន្តកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការឱ្យបានរឹងមាំ ក្នុងចំណោមប្រទេសមេគង្គ និងផ្តល់នូវការការពារទាន់ពេលវេលា និងការគ្រប់គ្រងប្រកបដោយចីរភាព នូវធនធានទឹកក្នុងទន្លេមេគង្គ»

ប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកាដល់ MRC ចាប់តាំងពីឆ្នាំ ២០០៣មក ជាមួយនឹងទឹកប្រាក់ប្រមាណជា ៣១ លានអឺរ៉ូ ឬ ៣៦លានដុល្លារសហរដ្ឋអាមេរិក៕