(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៣ ខែតុលានេះ បានដឹកនាំគណៈប្រតិភូមួយក្រុម ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅប្រទេសម៉ាឡេស៊ីស៊ីពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ដែលក្នុងកិច្ចប្រជុំនេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា នឹងបង្ហាញសម័យប្រជុំអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជា អំពីគ្រោះមហន្តរាយនៅ កម្ពុជាផងដែរ។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកការងារគ្រោះមហន្តរាយនេះមាន ការចូលរួមពីរដ្ឋមន្ត្រី នៃបណ្តាប្រទេសក្នុងសមាគមអាស៊ាន ទាំង១០ ដើម្បីនិយាយគ្នាអំពីបញ្ហា គ្រោះមហន្តរាយដែលកើតឡើងធម្មជាតិ និងដោយមនុស្ស ក៏ដូចជា ការប្រែប្រួលអាកាសធាតុ ដោយប្រទេសនីមួយៗ ត្រូវធ្វើសេចក្តីថ្លែងការណ៍ ដោយត្រូវលើកឡើងអំពីសភាពការណ៍ជាក់ស្តែង ដែលប្រទេសរបស់ខ្លួនបានជួបប្រទះ រួមនឹងការផ្តល់បទពិសោធន៍ជូនគ្នាទៅវិញទៅមក អំពីការងារគ្រប់គ្រងគ្រោះមហន្តរាយ រួមនិងការដោះស្រាយបញ្ហា ស្របតាមគោលនយោបាយរួមរបស់អាស៊ាន ដែលបានចែងថា អាស៊ានមួយ ការឆ្លើយតបមួយ និងភាពធន់ទៅនឹងគ្រោះមហន្តរាយ។
ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ក៏បានឲ្យដឹងផងដែរថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៨ ស្អែកនេះ លោកនឹងត្រូវថ្លែងក្នុងកិច្ចប្រជុំមួយនេះ ដោយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា។ លោកនឹងលើកឡើងពីសភាពការណ៍រួមនៃបញ្ហាគ្រោះមហន្តរាយនៅកម្ពុជា ដែលឆ្នាំនេះបើប្រៀបទៅនឹងឆ្នាំ២០០០ គ្រោះធម្មជាតិវាមិនធំដូចកាលនោះទេ ប៉ុន្តែវាស្មុគស្មាញច្រើនទាក់ទងទៅនឹងទឹកជំនន់ ពិសេសជំនន់ដោយសារការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវនាពេលកន្លងទៅ។
លោក ញឹម វណ្ណដា ក៏បានចូលរួមការរំលែកទុក្ខជាមួយរដ្ឋាភិបាល ឥណ្ឌូនេស៊ីដែលមានប្រជាពលរដ្ឋជាង១ពាន់នាក់ បាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានចូលរួមផ្តល់ ជំនួយមនុស្សធម៌ប្រមាណ២០ម៉ឺនដុល្លារអាមេរិកដល់រដ្ឋាភិបាលឥណ្ឌូនេស៊ីផងដែរ៕