(កំពង់ចាម)៖ ក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ សុវត្តិភាពផលិតផលម្ហូបអាហារ និងធ្វើតេសបឋមលើសសៃគុយទាវ តៅហូ នំបញ្ចុក នៅក្នុងផ្សារស្គន់ ខេត្តកំពង់ចាម ដើម្បីកាត់បន្ថយការលក់ដូរទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ នាំឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា «ក្រោយការត្រួតពិនិត្យយើងឃើញទឹកក្រូចម៉ាកស៊ីឌូឌូ ចំនួន43យួ ស្មើ1290ដប ដែលខូចគុណភាព និងស្ករ chocola 14កញ្ចប់អត់មានស្លាកសញ្ញា»។
លោក ស៊ាន ស៊ីណាត បានឲ្យដឹងទៀតថា ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីរបស់លោក ក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករទាំងអស់ កុំឲ្យផលិត ឬ យកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។
ចំពោះអ្នកទិញ មន្រ្តីកាំកុងត្រូលក៏បានណែនាំពីរបៀប នៃការជ្រើសរើសផលិតផល មានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញគួរពិចារណាមុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជាទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង៕