(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះថា គិតត្រឹមខែសីហា ឆ្នាំ២០១៨ ការវិនិយោគរបស់ក្រុមហ៊ុន សហរដ្ឋអាមេរិកនៅកម្ពុជា មានចំនួន៥២គម្រោង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ១.១ប៊ីលានដុល្លារអាមេរិក ក្នុងនោះការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានប្រមាណ ២៧៤លានដុល្លារអាមេរិក។
ការបញ្ជាក់បែបនេះ ធ្វើឡើងនៅរសៀលថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈដែលលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីខាឡិក (Michael Michalak) អនុប្រធានក្រុមប្រឹក្សា និងជានាយកគ្រប់គ្រងថ្នាក់តំបន់ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនឯកជនធំៗ របស់សហរដ្ឋអាមេរិក សរុប ប្រមាណ ៣០នាក់។
ក្នុងជំនួបនោះ លោក សុខ ចិន្តាសោភា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ដែលមានគោលបំណងជំរុញទំនាក់ទំនងអាជីវកម្ម រវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត ក៏ដូចជាស្វែងយល់បន្ថែមពីកាលានុវត្តភាព សក្ដានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្ត្រីប្រតិភូ បានជម្រាបជូនគណៈប្រតិភូពីគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្តរបស់អ្នកវិនិយោគគ្រប់រូប ក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមបញ្ចូលទាំងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។
លោក ម៉ៃឃើល មីខាឡិក បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានទទួលស្គាល់និងសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹក នាំប្រទេសឱ្យមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។
លោកក៏បានជម្រាបជូនអង្គប្រជុំពីសាវតារបស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានថា ជាស្ថាប័នពិគ្រោះយោបល់ដ៏សំខាន់ សម្រាប់ក្រុមហ៊ុនសាជីវកម្មរបស់សហរដ្ឋអាមេរិក ដែលមានប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានដើរតួនាទីចម្បង ក្នុងការលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងវិនិយោគ ដោយបានផ្តល់ផលប្រយោជន៍ ទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ក្រុមប្រឹក្សាមានការិយាល័យចំនួន ៦ នៅក្នុងបណ្តាទីក្រុងនៃប្រទេសជា សមាជិកអាស៊ាន រួមមានទីក្រុងបាងកក ហាណូយ ហ្សាការតា គូឡាឡាំពួ ម៉ានីល និងសិង្ហបុរី។
លោកប្រធានគណៈប្រតិភូបានបន្ថែមថា តាមរយៈកិច្ចពិភាក្សានាថ្ងៃនេះ លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក នឹងឈានទៅមុខមួយកម្រិតទៀតជាក់ជាមិនខាន៕