(ភ្នំពេញ)៖ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JCIA) បានព្រមព្រៀងទទួលបណ្ដុះបណ្ដាលពលរដ្ឋកម្ពុជា ឱ្យទទួលបានជំនាញវិជ្ជាជីវៈមួយចំនួន ដែលទីផ្សារការងារនៅជប៉ុនកំពុងមានតម្រូវការខ្ពស់ ដើម្បីត្រៀមបញ្ជូនពួកគេទៅសិក្សា និងធ្វើការនៅប្រទេសជប៉ុនបន្ថែមទៀត។
អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JCIA) នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០៣ ខែតុលាឆ្នាំ២០១៨។
ក្រោយបញ្ចប់ការចុះហត្ថលេខា លោក អ៉ិត សំហេង បានឱ្យដឹងថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈខាងលើ ត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈពោធិ៍សែនជ័យ ហើយអង្គការ JCIA ក៏បានជួយបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅសិក្សា និងធ្វើការនៅប្រទេសជប៉ុន មានរយៈពេលជាច្រើនឆ្នាំមកហើយ។
លោករដ្ឋមន្ត្រីបានបន្តថា ឆ្នាំនេះ និងឆ្នាំក្រោយ កម្ពុជានៅតែបន្តបញ្ជូនកម្មសិក្សាការីរបស់ខ្លួនទៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនថែមទៀត ប៉ុន្តែទាន់មិនកំណត់ចំនួនច្បាស់លាស់នៅឡើយទេ ពោលប្រសិនបើបណ្ដុះបណ្ដាលបានច្រើន គឺកម្ពុជានឹងបញ្ជូនកាន់តែច្រើនទៅតាមដំណាក់កាលនីមួយៗ។
លោក Fumio Yamada បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងអង្គការ JCIA នេះ មានរយៈពេល៥ឆ្នាំ ក្នុងនោះអង្គការមានផ្ដល់ការបណ្ដុះបណ្ដាលដល់ជនពិការឱ្យចេះភាសាជប៉ុន ចេះជំនាញជួសជុលម៉ូតូ កាត់ដេរ។
ក្រៅពីនោះ មានជំនាញថែទាំមនុស្សចាស់ សំណង់ស្ថាបត្យកម្ម ទេសចរណ៍ ជួសជុលគ្រឿងយន្តជាដើម។ បន្ទាប់នឹងបញ្ជូនកម្មសិក្សាការីដែលមានកាយសម្បទាគ្រប់គ្រាន់ ទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុន រយៈពេល៣ឆ្នាំ។
សូមជម្រាបថា ចាប់ពីឆ្នាំ២០០៧-២០១៨ កម្ពុជាបានបញ្ជូនកម្មសិក្សាការីរបស់ខ្លួនចំនួន ៨,០៦៥នាក់ (ស្រីចំនួន ៤,៤៣៥នាក់) ហើយក្នុងរយៈពេលជាងកន្លះឆ្នាំ២០១៨ មានកម្មសិក្សាការីកម្ពុជាចំនួន ១,៨៨៨នាក់ ត្រូវបានបញ្ជូនទៅបម្រើការងារនៅប្រទេសជប៉ុន។
ការងារនៅប្រទេសជប៉ុនសម្រាប់កម្មសិក្សាការីកម្ពុជា រួមមាន៖ កសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ គ្រឿងយន្ត លោហធាតុ ថែមទាំមនុស្សចាស់ និងវិស័យមួយចំនួនទៀត។
ចំពោះប្រាក់ឈ្នួលដែលកម្មសិក្សាការីកម្ពុជា ទទួលបានពីការងារនៅប្រទេសជប៉ុន ដោយគណនាតាមប្រាក់ម៉ោងនោះ មានពី៧៦២យ៉េន-៩៨៥យ៉េន ឬប្រហែលពី ៦.៨ដុល្លារ-៨.៧ដុល្លារ គិតចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ហើយខុសគ្នាទៅតាមខេត្តនីមួយៗ៕