(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងជម្រុញឱ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រូវបន្តពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួន តាមរយៈភាពឈ្លាសវៃ ទេពកោសល្យ ការបណ្តុះបណ្តាល ការគ្រប់គ្រងឯកសារ លិខិតស្នាម ពង្រឹងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត ត្រូវលះបង់នូវភាពអសកម្ម និងរួមគ្នាជាធ្លុងក្នុងគ្រួសារមួយ ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំគំរូមួយរូបទៅថ្ងៃអនាគត និងជាកម្លាំងចលករ ក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្ត។
លោកអភិបាលខេត្តបានជម្រុញបែបនេះ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្ត ប្រមាណ ១៨៧នាក់ ដោយបានការចូលរួមពីសំណាក់ លោកស្រី ហ៊ុន ចាន់ធីម៉ៅធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ទីប្រឹក្សាក្រសួងមហាផ្ទៃ លោក លោកស្រី អភិបាលរងខេត្ត និងមន្ត្រីរាជាការយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានថ្លែងបន្តដោយសម្តែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលកំពុងបម្រើការងារនៅក្នុងសាលាខេត្ត ហើយដែលបានខិតខំប្រឹងប្រែងបម្រើការងារ ទៅតាមតួនាទីភារៈកិច្ច ជូនសង្គមជាតិ និងជាសេនាធិការឱ្យថ្នាក់ដឹកនាំ ទាំងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ទទួលបានលទ្ធផលល្អប្រសើរ។ លោកបានបន្តទៀតថា មន្រ្តីរាជការសាលាខេត្ត គឺជាក្បាលម៉ាស៊ីន លើការងារគ្រប់គ្រងនូវរាល់កិច្ចការទាំងអស់នៅក្នុងខេត្ត ដូចេ្នះត្រូវតែមានចិត្តទូលំទូលាយ មិនរើសអើង ស្មោះត្រង់ ស្អាតស្អំ បង្កើតការសាមគ្គីផ្ទៃក្នុង និងជាមួយមន្ទីរ អង្គភាព ស្រុក-ក្រុង ឃុំ-សង្កាត់ ពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកក៏បានបញ្ជាក់ទៀតថា ជាងនេះទៅទៀតនៅក្នុងខេត្តយើង ពិនិត្យឃើញថាមានកន្លែងជាច្រើន ទាំងក្រុង និងស្រុក ត្រូវការធនធានមនុស្ស គឺមានតែក្មួយៗនេះហើយ ជាទំពាំងស្នងឬស្សី ដែលមានសមត្ថភាព អាចនឹងចូលទៅបម្រើការនៅទីនោះ។ ជាការពិតណាស់ថា ធ្វើជាមេដឹកនាំគេ ត្រូវតែមានព្រហ្មវិហាធម៌ទាំង៤ មានទស្សពិតយុត្តិធម៌ ទើបថ្នាក់ក្រោមគោរព និងត្រូវមានជំហរចូលរួមការពារសុខសន្តិភាព ដែលរកដោយលំបាក។ ការតែងតាំងមន្ត្រី ក៏ត្រូវអនុវត្តទៅតាមច្បាប់ មិនប្រកាន់បក្ខពួក និងសូកប៉ាន់ឡើយ បើមានករណីនេះកើតឡើង ត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកគ្មានធនធាន ចំពោះសមត្ថភាពដែលគេមានគ្រប់គ្រាន់។
ដើម្បីសម្តែងនូវទឹកចិត្តគោរពស្រឡាញ់គ្នា ដូចជាគ្រួសារតែមួយ និងដើម្បីយើងទាំងអស់គ្នាជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលជាពិធីបុណ្យប្រពៃណីខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណមកម្ល៉េះនោះ លោក ម៉ៅ ធនិន និងលោកស្រី បានរៀបចំនូវអំណោយ ជូនដល់មន្រ្តីរាជការប្រមាណ ១៨៧នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករដំណើប ៥គីឡូក្រាម, សណ្តែកបាយ ២គីឡូក្រាម, តាំងហ៊ុន ៣ដុំ, ទឹកកដោះគោ ៥កំប៉ុង និងថវិកា ១០ម៉ឺនរៀល។
នៅក្នុងឱកាសនោះ មន្ត្រីរាជការទាំងអស់ក៏បានរៀបចំនំខេកដ៏ធំមួយ ដើម្បីអបអរសាទរខួបកំណើត របស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ប្រកបដោយភាពសប្បាយរីករាយ និងស្និតស្នាលក្រៃលែងផងដែរ៕