(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់អភិបាលរាជធានី-ខេត្ត ត្រូវបង្កើតសួនទេសចរណ៍ យ៉ាងហោចណាស់ឲ្យបានមួយ ដើម្បីចូលរួមប្រឡងប្រណាំងចលនា «ខេត្តមួយសួនទេសចរណ៍មួយ»។ នេះបើយោងតាមសេចក្តី ជូនដំណឹង ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។
មូលហេតុនៃការជួនដំណឹងនេះ ដោយសាររាជរដ្ឋាភិបាល បានចេញសេចក្តីសម្រចស្តីពី ការកំណត់យុទ្ធនាការ «ទេសចរម្នាក់ដើមឈើមួយ» ដែលតម្រូវឲ្យមានជាសកម្មភាព ដាំដើមឈើនៅតាមទីក្រុង ទីប្រជុំជន រមណីយដ្ឋានទេសចរណ៍ ក្រុមហ៊ុន រោងចក្រ សហគ្រាស សហគមន៍ជាដើម។
បើតាមសេចក្តីសម្រេចនោះ រាជរដ្ឋាភិបាល បានតម្រូវឲ្យក្រសួងទេសចរណ៍ ត្រូវសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដាក់ចេញនូវយុទ្ធនាការ «ខេត្តមួយ សួនទេសចរណ៍មួយ» ហេតុនេះ សូមអភិបាលរាជធានីខេត្ត មេត្តាជ្រើសរើសទីតាំង ដើម្បីបង្កើតឲ្យមានសួនទេសចរណ៍ យ៉ាងហោចណាស់មួយ ដើម្បីចូលរួមចលនានេះ៕