(ភ្នំពេញ)៖ ដោយមានការខិតខំប្រឹងប្រែងពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុន EZECOM បានទទួលការបញ្ជាក់ជាផ្លូវការ នូវវិញ្ញាបនបត្រស្តង់ដារគុណភាព ISO 9001: 2015 ដែលជាវិញ្ញាបនប័ត្រជំនាន់ថ្មីបំផុត នៃស្ថាប័នបញ្ជាក់ស្តង់ដារកម្រិតអន្តរជាតិនេះ។
លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM បានថ្លែងថា «វិញ្ញាបនបត្រ ISO 9001: 2015 នេះ ជាការបង្ហាញជូនអតិថិជនអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន EZECOM ចំពោះដំណើរការគ្រប់គ្រងនិងនីតិវិធីប្រតិបត្តិការ ដែលធានាបាននូវគុណភាពខ្ពស់ក្នុងការផ្តល់សេវារបស់យើង»។
លោកបានបន្ថែមទៀតថា «ដំណើរការរៀបចំដើម្បីទទួលបានវិញ្ញាបនបត្រនេះ គឺមិនមែនងាយស្រួលនោះទេ ដែលតម្រូវស្តង់ដារគុណភាព និងឧត្តមភាពខ្ពស់ពីសំណាក់បុគ្គលិករបស់យើងគ្រប់ជាន់ថ្នាក់ ហើយវាបង្ហាញពីការប្តេជ្ញាចិត្តមុតមាំរបស់ក្រុមហ៊ុន EZECOM ក្នុងការផ្តល់ជូនសេវាកម្មប្រកបដោយគុណភាពខ្ពស់ដល់អតិថិជន»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន EZECOM បាននិងកំពុងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ស្ថាប័ន ISO អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនក៏ជាម្ចាស់នៃវិញ្ញាបនបត្រជំនាន់មុនគឺ ISO 9001: 2008 ផងដែរ។ តាមពិតក្រុមហ៊ុន EZECOM គឺជាក្រុមហ៊ុនអ៊ីនធឺណិតដំបូងគេ នៅកម្ពុជា ដែលបានការទទួលស្គាល់ស្តង់ដារគុណភាពអន្តរជាតិ ISO ។
ក្រុមហ៊ុន EZECOM បានសម្តែងការអរគុណចំពោះអតិថិជនរបស់ខ្លួន ដែលបានគាំទ្រសេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុនរហូតមក។ ក្រុមហ៊ុនប្តេជ្ញាបន្តពង្រឹងគុណភាព និងពាំនាំបច្ចេកវិទ្យាសារគមនាគមន៍ថ្មីចុងក្រោយបំផុតមកកាន់ព្រះរាជាណាចក្រកម្ពុជា។