(រតនគិរី)៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ក្រោយមានការបញ្ជាផ្ទាល់ពីលោក ថង សាវុន អភិបាលខេត្តរតនគិរី, ការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តរតនគិរី សហការជាមួយ សាលាក្រុងបានលុង មន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសូរិយោដី និងមន្ទីរធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យទីតាំងកន្លែងចាក់ដីនៅដៃអូរបឹងកន្សែង នៅទល់មុខរង្វង់មូលគង ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ជាលទ្ធផលក្រុមការងារ បានចុះត្រួតពិនិត្យជាក់ស្តែង និងចុះវាស់វែងឃើញថា ក្បាលដីដែលបានចាក់ដីលុបនេះមានប្លង់រឹងត្រឹមត្រូវ។ ក្រុមការងារបានឯកភាពគ្នាវាស់ចេញពីអ័ក្សផ្លូវ២០ម៉ែត្រជាដីចំណីផ្លូវ ហើយ អនុញ្ញតឱ្យសាងសង់ត្រឹមតែ១៧ម៉ែត្រចេញពីចំណីផ្លូវ។ ចំណែកដីដែលបានចាក់លុបលើសធ្លាក់ចូលអូរនោះ គឺតម្រូវឲ្យម្ចាស់ដីត្រូវកាយយកមកលើវិញទាំងអស់ និងរៀបឃឿនទប់ដីពីខាងក្រោយ ចំនួនពីរថ្នាក់ និងរៀបឃឿនសងខាងដីផងដែរ ដើម្បីកុំឱ្យដីបាក់ធ្លាក់ចូលអូរជាថ្មីម្តងទៀត។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា អូរបឹងកន្សែងដែលតភ្ជាប់មាត់បឹងកន្សែង ជាតំបន់ទេសចរណ៍ដ៏ល្បីមួយ នៅក្រុងបានលុង ត្រូវបានបុគ្គលមួយចំនួនដឹកអាចម៌ដីចាក់លុបបំណងយកសម្បត្តិសាធារណៈរបស់រដ្ឋមួយនេះ ជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយសំអាងថា មានប្លង់ស្លាបមាន់កាលពីឆ្នាំ១៩៩៣។
ទាក់ទិញទៅនឹងសកម្មភាពបុគ្គលដឹកអាចម៌ដីចាក់លុបអូរកន្សែងនេះ ទាំងមន្ត្រីរាជការ និងប្រពលរដ្ឋនៅខេត្តរតនគិរី តាមរយៈភ្នាក់ងារព័ត៌មាន Fresh News បានលើកឡើងស្រដៀងគ្នាថា អាជ្ញាធរក្រុងបានលុងដេកលក់ និងមន្ទីរអង្គភាពពាក់ព័ន្ធមើលរំលង ចំពោះបុគ្គលរំលោភបំពាន តែពេលខ្លះគ្រឿងចក្រត្រូវបានដកចេញឈប់ធ្វើសកម្មភាព ព្រោះមានអ្នកយកព័ត៌មានមួយចំនួន ទៅថតរូបភាពដើម្បីផ្សព្វផ្សាយ។
ជាមួយគ្នានឹងសកម្មភាពខាងលើនេះដែរ លោក ប៊ី ជីវ័ន្តតារា ប្រធានភូមិបាលសូរិយោដីក្រុងបានលុង បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះថា ដីខាងលើនេះមានប្លង់ស្លាបមាន់តាំងពីឆ្នាំ១៩៩៣ តែលោកមិនបង្ហាញឈ្មោះនោះទេ ប៉ុន្តែមន្ត្រីលោកសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់បឹងកន្សែង ឲ្យផ្អាកសកម្មភាពដោយបានណែនាំម្ចាស់ដី នៅព្រឹកថ្ងៃនេះរួចហើយ។
មន្រ្តីសាលាខេត្តរតនគីរីបានលួចបង្ហើបថា ម្ចាស់ដីខាងលើនេះមានឈ្មោះ នុត ស៊ីនួន ហើយទីតាំងនោះបើគិតពីតម្លៃដីវិញគឺថ្លៃណាស់៕