(ភ្នំពេញ)៖ ក្នុងគោលបំណងធានានូវសុខុមាលភាព ការពារផល ប្រយោជន៍ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ នេះ សាខាកាំកុងត្រូល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សាររីករាយ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទៅលើម្ហូប អាហារ វេចខ្ចប់ស្រាប់ ព្រមទាំងគ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃចំនួន ២៩គំរូ។
មន្រ្តីសាខាកាំកុងត្រូល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ផលិតផលទាំង២៩គំរូ រួម មាន សណ្តែកបណ្តុះ ត្រីប្រាសំយ៉ុង ត្រីងៀត សាច់ក្រក ប្រហិតសាច់គោ ប្រហិតត្រី សរសៃគុយទាវ មី បាញ់កាញ់ លត ឈាមជ្រូក គ្រឿងក្នុងគោ ខ្ញីហាន់រួច ដើមចេកហាន់ត្រាំទឹក ត្រយ៉ូងចេកហាន់ត្រាំទឹក ជ្រក់ច្រើន ប្រភេទ អាហារសមុទ្រស្រស់ក្លាសេ ជាដើម ត្រូវបានយក មកពិនិត្យវិភាគបឋម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងបន្តថា ជាលទ្ធផល ផលិតផល ដែលបានពិនិត្យទាំង ២៩គំរូនេះ មានអនុលោមភាពសុវត្ថិភាពទាំងអស់។ ចំពោះការពិនិត្យមើលទំនិញវេចខ្ចប់ស្រាប់ និងសំភាៈក្នុងស្លាដក ក៏ពុំត្រូវបានរកឃើញមានទំនិញខូចគុណភាព ហួសកាលបរិច្ឆទកំណត់ប្រើប្រាស់ដែរ។
ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ សាខាក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករទាំងអស់ កុំឲ្យផលិត ឬ យកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមី មកលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់ ។ ចំពោះអ្នកទិញ មន្រ្តីកាំកុង ត្រូលក៏បានណែនាំពីរបៀប នៃការជ្រើសរើសផលិតផល មានសុវត្ថិភាពមកបរិភោគ និងបាន ផ្តាំផ្ញើដល់អ្នកទិញគួរពិចារណាមុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញ ដែលខុសប្លែក ពីធម្មតា ដូចជាទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង ។
ដោយឡែកចំពោះការឃ្លាំពិនិត្យមើលថ្លៃលក់ប្រេងសាំង និងម៉ាស៊ូតនៅតាមបណ្តាស្ថានីយ៏ ប្រេងឥន្ធនៈនានាក្នុងភូមិសាស្រ្តខណ្ឌសែនសុខវិញ គឺប្រេងសាំង និងប្រេងម៉ាស៊ូត មានតម្លៃ សមស្របទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ដោយសាំងធម្មតាមានតម្លៃមិនលើសពី ៤,២០០៛/លីត្រ និងប្រេង ម៉ាស៊ូត មានតម្លៃមិនលើសពី ៤,០០០៛/លីត្រឡើយ៕