(ភ្នំពេញ) ៖ ឯកសារជាភស្តុតាងថ្មីដែលគេទើបធ្វើនៅពេលថ្មីៗក្នុងឆ្នាំ២០១៨នេះ ពាក់ព័ន្ធការលួចលក់ដីក្រុមហ៊ុនរបស់ជនជាតិអាល្លឺម៉ង់មានទំហំ១១០០ហិកតានៅស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ ត្រូវបានចៅក្រមជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញសម្រេចទទួលយកបញ្ចូលទៅក្នុងសំណុំរឿងព្រហ្មទណ្ឌដែលបានបើកសវនាការជាច្រើនលើករួចមកហើយ តែមិនទាន់បញ្ចប់ ។
សវនាការដែលបានបើកធ្វើនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងបទក្លែងឯកសារ ការប្រើប្រាស់ឯកសារក្លែង និងការលួចលក់ដីរបស់ក្រុមហ៊ុន ដែលតា ដាប់បែលយូ ត្រេឌីង (Delta W Trading Co., Ltd) របស់ជនជាតិអាល្លឺម៉ង់ លើផ្ទៃដីទំហំ ១១០០ហិកតា ស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបង្ករឡើងដោយជនជាប់ចោទឈ្មោះ នួន ច័ន្ទមករា ភេទ ស្រី ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណជាតិខ្មែរលេខ: 030459622, ជាអតីតសមាជិកភាគហ៊ុនដែលមានតែឈ្មោះម្នាក់(ម្ចាស់ភាគហ៊ុនខ្យល់)ដែលមានទីកំណើតនៅ ភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងអាស័យដ្ឋានបច្ចប្បន្ន: ផ្ទះលេខ 98C, ផ្លូវលេខ 608, សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមទាំងបក្ខពួករបស់នាងមួយចំនួនទៀត។
នៅក្នុងដំណើរការនៃអង្គសវនាការ និងនៅចំពោះមុខក្រុមប្រឹក្សាជំនុំជំរះ មានការសួរដេញដោលផ្ទាល់មាត់ពីសំណាក់លោកចៅក្រមជំនុំជំរះ តំណាងអយ្យការ និងពីសំណាក់មេធាវី នៃគូរភាគីទាំងសងខាង ក៏ដូចជាមានការចូលរួមស្តាប់ពីសាធារណជនមួយចំនួនផងដែរ។
ក្នុងអំឡុងពេលសវនាការ ជនជាប់ចោទ និងមេធាវីការពារក្តីរបស់ជនជាប់ចោទបានបដិសេធចោលនូវរាល់ការចោទប្រកាន់កន្លងមក និងការបង្ហាញភស្តុតាងបន្ថែមថ្មីៗមួយចំនួនទៀត ថែមទាំងបានធ្វើការបដិសេធមិនទទួលស្គាល់នូវលទ្ធផលកោសល្យវិច័្ចយចុងក្រោយដោយក្រសួងមហាផ្ទៃទៅលើទម្រង់បែបបទ ឃ្លោងឃ្លា និងខ្លឹមសារទាំងមូលនៃឯកសារដែលមានការចោទប្រកាន់ថា ជាឯកសារក្លែងនោះ.....។
នៅចំពោះមុខអង្គសវនាការ ជនជាប់ចោទ នួន ច័ន្ទមករា បានព្យាយាមពន្យល់ និងលើកឡើងជាញឹកញយថា រឿងនេះ គឺជារឿងប្តីប្រពន្របស់ខ្ញុំ គឺមិនមែនជាករណីព្រហ្មទណ្ឌនោះទេ ហេតុអីបានជាមានការចោទប្រកាន់ ហើយចាប់ដាក់គុកជារឿងព្រហ្មទណ្ឌទៅវិញ?.។
ជនជាប់ចោទ បានទទូចស្នើសុំម្តងហើយម្តងទៀត ឲ្យលោកចៅក្រមធ្វើការជំនុំជំរះឲ្យបានឆាប់ និងមិនត្រូវអូសបន្លាយពេលវេលាឡើយ!...ហើយសំណួរដែលបានចោទសួរមួយចំនួន ជនជាប់ចោទបានសុំរក្សាសិទិ្ធមិនឆ្លើយទៅនឹងសំណួរដែលបានសួរនោះឡើយ ដូចជាឯកសារថ្មីដែលទើបលួចលក់ដី១១០០ហិកតាក្នុងឆ្នាំ២០១៨ ក្រោយពេលសាលាឧទ្ធរណ៍បានសម្រេច អោយជនត្រូវចោទបាននៅក្រៅឃុំ និងឯកសារមោឃភាពរបស់មេឃុំជាដើម ។ (សូមជម្រាបដល់សារធារណជនផងដែរថា ជនជាប់ចោទក៏ធ្លាប់បានប្តឹងដិតចិត្តសុំដូរចៅក្រមម្តងរួចមកហើយដែរ តែសាលាឧទ្ធណ៍បានសម្រេចរក្សាចៅក្រមជំនុំជំរះនៅដដែល)។
ដោយសារភាគីដើមចោទ(លោក រ៉ៃន័រ ម៉ារា វ៉ូលនី/Rainer Maria Wollny) បានដាក់ចូលនូវភស្តុតាងថ្មីមួយចំនួនទៀត ជាពិសេស គឺភស្តុតាងជាឯកសារ ដែលដើមចោទចាត់ទុកថា ជាឯកសារប្រភពដើម ឬ ជាឯកសារច្បាប់ដើមដែលជនជាប់ចោទបានយកទៅក្លែងធ្វើជាកំណត់ហេតុប្រជុំ (ចុះថ្ងៃទី 01/01/14) និងជាលិខិតប្រគល់សិទិ្ធ(ចុះថ្ងៃទី03/01/14)ឲ្យនាងមានសិទិ្ធក្នុងការចាត់ចែងលក់ដីទាំងមូលរបស់ក្រុមហ៊ុន ហើយយកលុយទាំងអស់នោះទៅដាក់ក្នុងហោប៉ៅរបស់ខ្លួនតែម្នាក់ឯង.....។
ភាគីដើមចោទ ក៏បានបង្ហាញភស្តុតាងជាឯកសារពីរផ្សេងទៀតផងដែរ ដែលបញ្ជាក់ថា ឈ្មោះ នួន ច័ន្ទមករា ពិតជាបានប្រព្រឹត្តបទល្មើសនៃការលួចលក់ដីរបស់ក្រុមហ៊ុនពិតប្រាកដមែន ក្រៅពីឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់ដីមួយចំនួនរបស់ក្រុមហ៊ុនដែល នួន ច័ន្ទមករា បានផ្ទេរទៅឲ្យភាគីទីបីផ្សេងៗដោយគ្មានភាពស្របច្បាប់នោះ (គឺឯកសារកិច្ចព្រមព្រៀងលក់ដីនៅភូមិទឹកល្អក់ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន ១១០០ហិកតា ទៅឲ្យឈ្មោះ សុង ហេង ដោយមានស្នាមមេដៃរបស់នាង ប្អូនប្រុសរបស់នាង (នួន ច័ន្ទសត្យា) លោកស្មៀនឃុំ (កៀត សាខន) និងហត្ថលេខា និងត្រារបស់លោកមេឃុំដំបូករូង (ខៀវ វណ្ណា)ផងដែរ...និងឯកសារដែលនាងបានស្នើសុំឲ្យលោកមេឃុំធ្វើមោឃភាពចោលទៅលើលិខិតផ្ទេរសិទិ្ធកាន់កាប់ដីចំពោះអ្នកដែលបានទិញដីពីនាងមួយចំនួន ដែលមិនទាន់បានបង់លុយបង្រ្គប់ឲ្យនាង។ ហើយព្រមទាំងបន្តសកម្មភាពល្មើសដោយមិនខ្លាចញញើតអ្វីឡើយ ទោះជានាង ត្រូវបានចាប់ខ្លួនដោយនគរបាលព្រហ្មណ្ឌក្រសួងមហាផ្ទៃ និងត្រូវបានចោទប្រកាន់ជាផ្លូវការ ព្រមទាំងបានដាក់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាព្រៃសដោយចៅក្រមស៊ើបសួរ អស់មួយរយៈមកហើយក៏ដោយ ។
គួររំលឹកផងដែរថា ឈ្មោះនួន ច័ន្ទមករា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានដាក់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរងចាំការកាត់ក្តី រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ទើបមានការអនុញ្ញាតដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នដោយសាលាឧទ្ធណ៍ តែត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ មិនត្រួវចេញក្រៅព្រំដែននៃព្រះរាជាណាចក្រកម្ពុជានោះទេ ហើយត្រូវចូលខ្លួនមកតុលាការនៅពេលដែលមានដីកាកោះហៅ..។បន្ទាប់ពីមានការអាននូវកំណត់ហេតុបំភ្លឺពីសាក្សីពាក់ព័ន្ធ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ដោយក្រឡាបញ្ជី ដូចជាការបំភ្លឺរបស់លោកខៀវ វណ្ណា មេឃុំដំបូករូង លិខិតជូនដំណឹងរបស់លោកមេធាវី ហេង ពូង ស្តីពីការបដិសេធចោលលើចំណាររបស់លោកនៅលើលិខិតប្រគល់សិទ្ធិដែលនួន ច័ន្ទមករា បានថតចម្លងជាគូល័រយកមកឲ្យលោកចារ និងប្រថាប់ត្រាដឹងឮ លិខិតសម្រង់លទ្ធផលកោសល្យវិច័្ចយ តែទៅលើស្នាមមេដៃ និងហត្ថលេខារបស់លោករ៉ៃន័រ ប្រធានក្រុហ៊ុនលិខិតសម្រង់លទ្ធផលកោសល្យវិច័្ចយចុងក្រោយទៅលើទម្រង់បែបបទ និងខ្លឹមសារទាំងមូលនៃកំណត់ហេតុប្រជុំ និងលិខិតប្រគល់សិទិ្ធក្លែងក្លាយដែលធ្វើឡើងដោយនួន ច័ន្ទមករា នោះ ព្រមទាំងឯកសារបកប្រែលើខ្លឹមសារទាំងមូល នៃលិខិតទាំងពីរពីភាសាអង់គ្លេសមកជាភាសាខ្មែររួចហើយ អង្គសវនាការនេះ ក៏បានបញ្ចប់នាវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់។
លោកចៅក្រម ក៏បានប្រកាសអំពីកាលបរិច្ឆេទ នៃការបើកសវនាការចុងក្រោយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នាម៉ោង ៩ព្រឹកខាងមុខនេះ បន្ទាប់ពីឯកសារច្បាប់ដើមត្រូវបានយកទៅបកប្រែរួចហើយដោយស្ថាប័នដែលមានការទទួលស្គាល់ដើម្បីយកមកធ្វើការដេញដោល ផ្ទៀងផ្ទាត់ទៅនឹងឯកសារក្លែង និងធ្វើការសន្និដ្ឋានជាចុងក្រោយដោយក្រុមប្រឹក្សាជំនុំជំរះ។
ក្រោយពេលចេញពីសវនាការភ្លាម លោក រ៉ៃន័រ ម៉ារា វ៉ូលនី បានប្រាប់បណ្តាញសារព័ត៌មានយើងថា លោកទទូចស្នើសុំឲ្យតុលាការ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយរកយុត្តិធម៌ជូនលោកក្នុងនាមជាអ្នកវិនិយោគជនជាតិអាល្លឺម៉ង់ម្នាក់ និងកាត់សេចក្តីដោយផ្អែកទៅលើស្មារតីច្បាប់ និងសីលធម៌តាមរយៈអង្គហេតុ និងភស្តុតាងជាក់ស្តែងទាំងអស់ដែលជនជាប់ចោទ និងបក្ខពួករបស់ខ្លួនបានប្រព្រឹត្តមុនពេលចាប់ខ្លួន ក្នុងអំឡុងពេលដែលជនជាប់ចោទកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងក្រោយពេលដែលជនជាប់ចោទត្រូវបានដោះលែងឲ្យនៅ
ក្រៅឃុំបណ្តោះអាសន្ន ដើម្បីរងចាំការកាត់ទោសជាចុងក្រោយ។ចំណាត់ការតុលាការគឺជាយន្តការធានាដ៏រឹងមាំមួយដល់អ្នកវិនិយោគទុនបរទេសផ្សេងៗទៀតដែលបានចូលមកវិនិយោគនៅកម្ពុជាក្នុងបំណងល្អ នៃការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្លូតត្រង់តាមរយៈការផ្តល់ការងារធ្វើដែលចេញពីការបោះទុនវិនិយោគទៅលើវិស័យផ្សេងៗដោយស្របច្បាប់ ដូចជារូបលោកជាដើម ៕
ឈ្មោះ នួន ច័ន្ទមករា
ជនជាតិអាល្លឺម៉ង់ ជាប្រធានក្រុមហ៊ុន
ឈ្មោះនួន ច័ន្ទមករា ពេលសមត្ថកិច្ចនាំពីកន្លែងឃុំខ្លួនយកទៅកាន់តុលាការកន្លងមក