(ព្រៃវែង)៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព ប្រធានសាខានៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ សហការជាមួយមន្ទីរពាណិកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះបំពេញភារកិច្ចត្រួតពិនិត្យសុវត្ថិ ភាពម្ហូបអាហារ នៅផ្សារឈើកាច់ ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវលេខ ៣១៣ ភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រែវែង។
លោក អ៊ុត សុភាព បានឲ្យដឹងថា ក្នុងពេលបំពេញភារកិច្ច មន្ត្រីជំនាញកាំកុងត្រូល បានធ្វើតេស្តបឋមរកសារធាតុគីមី ទៅលើបន្លែ ស្ករត្នោត សាច់ក្រក ប្រហិតសាច់គោ សរសៃរគុយទាវ ណែមត្រី លតស្វិត និងនំបាញ់ជំនើកសរុបបានចំនួន១៣គំរូ។
លោក អ៊ុត សុភាព បានបន្តទៀតថា នៅក្នុង១៣គំរូនោះ មន្ត្រីជំនាញកាំកុងត្រូលបានឃើញ សរសៃរគុយទាវ ចំនួន ៥.៧ គីឡូក្រាម និង លតស្វិត ចំនួន ១ គីឡូក្រាម មានផ្ទុកនូវសារ ធាតុគីមីហាមឃាត់ Borax ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ដូចជា បណ្តាលឲ្យពុលដល់ក្រលៀន រលាកក្រពះ និងពោះវៀន។
ដោយហេតុថា នៅក្នុងរដូវភ្ជុំបិណ្ឌនេះ មន្ត្រីជំនាញក៏បានត្រួតពិនិត្យទំនិញចាប់ហួយ និងទំនិញជាស្លាដកសំរាប់ប្រគេនព្រះសង្ឃផងដែរ។ក្នុងសកម្មភាពនេះមន្ត្រីកាំកុងត្រូល ក៏បានដកហូតទំនិញខូចគុណភាព ស្ករគ្រាប់ ស្មើនឹង ០.៨ គីឡូក្រាម នំសណ្តែកដីកង ស្មើនឹង១.៣ គីឡូក្រាម។
លោកប្រធានសាខា ក៏បានឲ្យអ្នកផលិតគុយទាវ សំរាប់លក់ដោយខ្លួនឯង និងអ្នកលក់បង្អែម លត បានយល់ព្រមអោយមន្ត្រីកាំកុងត្រូល ធ្វើកំណត់ហេតុដកហូត និងធើ្វកិច្ចសន្យា ជាមួយ មន្ត្រីជំនាញកាំកុងត្រូល បញ្ឈប់នូវការប្រើប្រាស់ សារធាតុគីមីហាមឃាត់ Borax នៅក្នុងចំណី អាហារទៀតទេ បើសិនលើកក្រោយមន្ត្រីជំនាញពិនិត្យឃើញមានសារធាតុគីមី Borax ទៀត សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារឈើកាច់ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ៕