(កោះកុង)៖ លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ និងសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យគុណភាពសុវត្ថិភាពផលិតផលទំនិញម្ហូបអាហារ គ្រប់ប្រភេទ ដែលអាជីវករដាក់តាំងលក់នៅក្នុងផ្សារស្រែអំបិល និងនៅតាមលំនៅដ្ឋាន ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។
លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុងបានឲ្យដឹងថា ដោយអនុវត្តន៍ និងការចង្អុលបង្ហាញពីអគ្គនាយដ្ឋានដែលបានឲ្យសាខាកាំកុងត្រូលទូទាំងប្រទេសអនុវត្តន៍ផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន ជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌនេះ លោករួមទាំងមន្ត្រីក្រោមឱវាទតែចុះត្រួតពិនិត្យជាប់ប្រចាំផងដែរ។
លោក ហ៊ុយ ភារម្យ បានបន្ថែមថា ក្រោយពីការចុះត្រួតពិនិត្យមើល និងធ្វើតេស្តជាបឋមទៅលើបន្លែផ្លែឈើ ជ្រកស្ករត្នោតគ្រឿងសមុទ្រ ដើម្បីស្វែងរកសារធាតុគីមីដែលច្បាប់ហាមឃាត់ ជាលទ្ធផល មន្រ្តីជំនាញមិនរកឃើញនូវសារធាតុគីមីដែលហាមឃាត់នៅវត្ថុដែលអាជីវករដាក់តាំងលក់នោះទេ ព្រោះទាំងអាជីវករ និងប្រជាពលរដ្ឋគាត់បានយល់ដឹងច្រើនក្រោយពីមន្ត្រីសាខាកាំកុងត្រូលចុះត្រួតពិនិត្យ និងធ្វើតេស្តជាប្រចាំ និងធ្វើការពន្យល់ជាញឹកញាប់។
លោកបន្តថា ចំពោះគ្រឿងកំប៉ុងវិញសមត្ថកិច្ចជំនាញបានធ្វើការដកហូតគ្រឿងកំប៉ុងហួសការបរិច្ឆេតប្រើប្រាស់មួយចំនួនតូច មករក្សាទុក្ខនៅក្នុងការិល័យសាខាស្រុកដើម្បីដុតកម្រេចចោល។ ក្រោយពីធ្វើការត្រួតពិនត្យស្វែងរកសារធាតុគីមីហាមឃាត់របស់អគ្គនាយដ្ឋាន មន្ត្រីសាខាបានធ្វើការពន្យល់ និងធ្វើការណែនាំដើម្បីមើលថ្ងៃខែឆ្នាំផលិតរបស់ក្រុមហ៊ុននីមួយៗ មុនទិញចូលមកដាក់តាំងលក់ជូនប្រជាពលរដ្ឋ និងដើម្បីសុវត្ថិភាព សុខភាពប្រជាពលរដ្ឋដែលទិញយកទៅបរិភោគផងដែរ៕