(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារ តាមដានវាយតម្លៃស្ថានភាព ម៉ាក្រូសេដ្ឋកិច្ច កម្ពុជាដោយក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុពិភពលោក (IMF) សម្រាប់ ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ។
លោក Jarkko Turunen ជាប្រធានក្រុមបេសកកម្ម បានដឹកនាំក្រុមការងារ ចុះតាមដានវាយ តម្លៃពីស្ថានភាពម៉ា-ក្រូសេដ្ឋកិច្ចកម្ពុជាចាប់ពីថ្ងៃទី១៩ ខែកញ្ញា រហូតដល់ថ្ងៃទី០២ ខែតុលាឆ្នាំ ២០១៨។ ជាលទ្ធផល ក្រុមបេសកកម្ម Article IV បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចរបស់ ប្រទេស កម្ពុជានៅឆ្នាំ២០១៨ មានភាពល្អប្រសើរ ដោយកំណើនសេដ្ឋកិច្ច នឹងស្ថិតក្នុងអត្រា ៧.២៥% ព្រមជាមួយនឹងអត្រាអតិផរណាមានកម្រិតទាបត្រឹម ២,៥% ហើយវិស័យសារពើពន្ធ ក៏មានភាពរឹងមាំ ជាពិសេសការប្រមូលចំណូល និងការគ្រប់គ្រងបំណុលសាធារណៈ។ ថ្លែងក្នុងអង្គប្រជុំ លោក Jarkko Turunen បានលើកឡើងថា ស្ថិតក្នុងបរិការណ៍នេះ សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងគន្លងដ៏ត្រឹមត្រូវឆ្ពោះទៅរកការរីកចម្រើន ស្របពលេដែល រចនាសម្ព័ន្ធសេដ្ឋកិច្ចកំពុងធ្វើពិពិធកម្មជាបណ្តើរៗ ហើយប្រាក់ចំណូលប្រជាជន ក៏បានបន្ត កើនឡើង និងភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។
លោកបន្តថា ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នេះ គឺបានដោយសារកត្តា២ធំៗ៖ (១) ភាពរឹងមាំនៃតម្រូវការទីផ្សារបរទេសលើទំនិញនាំចេញរបស់កម្ពុជា និង (២) ការអនុវត្តគោល នយោបាយវត្ថារកម្មថវិកា របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការវិនិយោគលើវិស័យសង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យដែលបម្រើដល់ការបង្កើន ផលិតភាពរបស់សេដ្ឋកិច្ច។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេលមធ្យម កម្រិតនៃកំណើនសេដ្ឋកិច្ចនេះ អាចប្រឈមនឹងហានិភ័យធំៗទាំងខាងក្នុង និងខាងក្រៅមួយចំនួនដូចជា៖ (១) កំណើន ឥណទាននៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយប្រមូលផ្តុំលើវិស័យអចលនទ្រព្យ និងនៅពឹងផ្អែក លើមូលធនពីខាងក្រៅ (២) កំណើនសម្ពាធលើថវិកាជាតិ ទាំងផ្នែកចំណូល និងចំណាយ (៣) និន្នការនៃការអនុវត្តគោលនយោបាយ ពាណិជ្ជកម្មគាំពារនិយម និងការរឹតបន្តឹងគោល នយោ បាយ រូបិយវត្ថុរបស់សហរដ្ឋអាមេរិក និង (៥) ការថមថយនៃកំណើនសេដ្ឋកិច្ច ពិភពលោក ពិសេសប្រទេសចិន ដែលអាចមានឥទ្ធិពលលើការវិនិយោគពីក្រៅស្រុក (FDI) មកកម្ពុជា។
ស្ថិតក្នុងទិដ្ឋភាពនេះ ជាការព្យាករណ៍ទៅមុខ លោក Jarkko បានសង្កត់ធ្ងន់ថា កម្ពុជាមាន លទ្ធភាព បន្តរក្សាកំណើននេះក្នុងកម្រិត៧% សម្រាប់រយៈពេលមធ្យម ក្នុងលក្ខ័ណ្ឌ ដែល កម្ពុជា បន្តជម្រុញឱ្យកាន់តែស៊ីជម្រៅលើការកែទម្រង់ជារចនាសម្ព័ន្ធ ជាពិសេសលើផ្នែកសារ ពើពន្ធ និងអភិបាលកិច្ច ព្រមទាំងការបន្តបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងធនធានមនុស្ស។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងបានកោតសរសើរចំពោះការងារវាយតម្លៃរបស់ក្រុមបេសកកម្ម Article IV ចំពោះការបន្តគាំទ្រ និងកិច្ច សហការល្អក្នុងការចុះមកធ្វើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ជាទៀងទាត់ ហើយផ្តល់ ជាអានុសាសន៍គោលនយោបាយ ក្នុងន័យជួយតម្រង់ទិសក្នុងការ អភិវឌ្ឍវិស័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ជាពិសេសសម្រាប់បម្រើដល់ការអនុវត្តគោលនយោបាយ ចតុកោណដំណាក់កាលទី៤ ឱ្យមានប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសចំណូល ខ្ពស់នៅ ឆ្នាំ២០៥០។
អង្គប្រជុំក៏បានធ្វើការពិភាក្សាដេញដោល ជាមួយក្រុមបេសកកម្មរបស់ IMF ផងដែរ ចំពោះ ការលើកឡើង និងអនុសាសន៍គោលនយោបាយមួយចំនួនរបស់ IMF ដើម្បីឆ្លុះបញ្ចាំងពី ស្ថានភាពជាក់ស្តែងរបស់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការគិតគូររបស់ រាជរដ្ឋាភិបាល៕