(សៀមរាប)៖ ដើម្បីធានានូវសុខុមាលភាពការពារផល ប្រយោជន៍ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៨ សាខាកាំកុងត្រូលខេត្តសៀមរាបនឹងអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នឹងគណកម្មការផ្សារ បានធ្វើការចុះត្រួតពិនិត្យចំណីរអាហារ នៅផ្សារលើធំថ្មី ដែរមានទីតាំងស្ថិតនៅភូមិដកពោធិ៍ ឃុំស្លក្រាម ស្រុកសៀមរាប ក្រុងសៀមរាប។
លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋាន អន្តរជាតិសៀមរាប បានឲ្យដឹងថា មន្រ្តីជំនាញរបស់លោក បានធ្វើការត្រួតពិនិត្យជាបឋម ដោយប្រើតេស្តឃីត ដើម្បីរកសារធាតុគីមីហាមឃាត់ (Borax, Salicylic Acid, Sodium Hydrosulfit, Formalin) លើផលិផលជាម្ហូបអាហារបានចំនួន 18គំរូ មានដូចជា សសៃគុយ ទាវតូច-ធំ មីលឿង បាញ់កាញ់ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក សាច់ក្រក តៅហ៊ូ សណ្ដែក បណ្ដុះ ជ្រក់ស្ពៃចង្កឹស ជ្រក់ស្ពៃជើងទា ជ្រក់ល្ហុងជ្រក់មម៉ាញ មឹក-បង្គារ។ ជាលទ្ធផល យើងពុំ ឃើញមានសារធាតុគីមីហាមឃាត់នោះទេ។ បន្ទាប់មកក្រុមការងារ បានបន្តចុះត្រួតពិនិត្យ ទំនិញវេចខ្ចប់ដើម្បីត្រួតពិនិត្យមើលកាលបរិច្ឆេទផុតកាលប្រើប្រាស់ កំប៉ុងកំពិត ប៉ោងរឺច្រែស ស៊ី។ ល។ ជាលទ្ធផល យើងបានធ្វើការដកហូតបានទំនិញ ខូចគុណភាពបានចំនួន ១៦កំប៉ុង ស្មើនិង៣៣៦០ក្រាម ។ លើសពីនេះទៀតក្រុមការងារក៏បានផ្សព្វផ្សាយ និងបានចែកជូន Poster ដល់អាជីវករ អ្នកលក់ដូរក្នុងផ្សារផងដែរ។
លោក ព្រៅ ខេមរិទ្ធក៏បានធ្វើការណែនាំ ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និង របៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវស្របទៅតាមយថា ប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ និងតាមផ្ទះ ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទ នៃទំនិញ និងហាមដាក់ តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ ៕