(រតនគរី)៖ ក្នុងគោលបំណងធានានូវសុខុមាលភាព ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្ទីរ ពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទៅលើម្ហូប នៅផ្សារបានលុង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញនៅផ្សារ បានលុងនេះ ក្រុមការងារបានធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់ (បង្គា មឹក) លទ្ធផលល្អ មិនដាក់សារធាតុគីមីនោះទេ។ តែមន្រ្តីជំនាញកាំកុងត្រូល បានរកឃើញភេសជ្ជៈ ហួសកាលបរិច្ឆេទដូចជា ទឹកក្រូច ម៉ាក Fanta ចំណុះ ៣៩០ml ស្មើ ១៣៥,៧គីឡូក្រាម ទឹកក្រូច ម៉ាក Fanta ចំណុះ១,៥លីត្រ ស្មើ ១៨គីឡូក្រាម,ទឹកស៊ីរ៉ូ ម៉ាក Halas ចំណុះ៧១០ml ស្មើ១១,៣គីឡូក្រាម,ទឹកក្រូច ម៉ាកV Shase ចំណុះ៣៥០ml ស្មើ១៦,៨គីឡូក្រាម សរុបចំនួន១៨១,៨គីឡូក្រាម ។ ក្រុមការងារបានធ្វើកំណត់ហេតុ ដកហូតទុកដុតកំទេចចោល។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅនៅផ្សារបានលុង និងផ្សារកូនមុំ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលខេត្តរតនគិរី ក៏បានធ្វើការណែនាំ ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និង របៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវស្របទៅតាមយថា ប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ និងតាមផ្ទះ ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទ នៃទំនិញ និងហាមដាក់ តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕