(បាត់ដំបង)៖ មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់នៅឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាសជាពិសេស ក្នុងកញ្ចប់សាដក និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់នៅផ្សារបឹងឈូក ស្ថិតនៅក្រុងបាត់ដំបងដោយដកហូតទំនិញ ខូចគុណភាពចម្រុះសរុបប្រមាណ១៧ គីឡូក្រាម យកមករក្សាទុកនៅសាខា ដើម្បីដុតកំទេចចោលពេលក្រោយ។
ប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា មន្រ្តីជំនាញនៅតែបន្តចុះត្រួតពិនិត្យជាប្រចាំ ពិសេសមុនពេលបុណ្យភ្ជំបិណ្ឌ ខាងមុខនេះ ហើយធ្វើការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយតាមរយៈបិទស្ទីកឃ័រ នៅតាមទីតាំងលក់ទំនិញ ឬអប់រំដោយផ្ទាល់ប្រាប់ពីផលប៉ះពាល់សុខភាព ដោយសារចំណីអាហារ ដាក់លក់នៅលើទីផ្សារធ្វើការត្រួតពិនិត្យរាល់ការនាំចូលការដាក់តាំងលក់ទំនិញខូចគុណភាព ដាក់លាយសារធាតុគីមី គ្មានកាលបរិច្ឆេទច្បាស់លាស់មិនឱ្យមានធ្វើចរាចរណ៍នៅលើទីផ្សារបន្តទៀត។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នមុននឹងទិញទំនិញលើទីផ្សារពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ៕