(កណ្តាល)៖ ដោយមានយកចិត្តទុកដាក់ជាប្រចាំ និងសំដៅពង្រឹងសុវត្ថិភាពម្ហូបចំណីអាហារជូនប្រជាពលរដ្ឋ ដែលទិញយកទៅបរិភោគប្រចាំថ្ងៃ ដែលកំពុងចររាចរណ៍តាមបណ្តាផ្សារនានា ក្នុងខេត្ត ជាពិសេសក្នុងឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះ លោក អ៊ូ ម៉ាន់រិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល រួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារ បានចុះពិនិត្យគុណភាពមុខទំនិញ ដែលកំពុងចររាចរណ៍នៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងការចុះពិនិត្យគុណភាពទំនិញ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ លោក អ៊ូ ម៉ាន់រិន បានឲ្យដឹងថា ក្រុមការងាររបស់សាខាតែងតែចុះជាប្រចាំ ដោយអនុលោមតាមច្បាប់អនុក្រឹតស្តីពី ច្បាប់គ្រប់គ្រងសុខភាព សុវត្ថិភាពចំណីអាហារ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យទំនិញ ចម្រុះនៅលើទីផ្សារក្នុងដែនសមត្ថកិច្ច។
ក្រុមការងារបានធ្វើការពិនិត្យទៅលើណែមបាត់ដំបងចំនួន២គំរូ លតស្វិតខៀវចំនួន២គំរូ ត្រីងៀត ត្រីប្រាសំយ៉ុង រកសារធាតុបូរ៉ាក់(borax) តេស្តលើជ្រក់គ្រប់ប្រភេទ រកសារធាតុគីមីសាលីស៊ីលីត អាសស៊ីត (salicylicacid) គ្រឿងសមុទ្រចំនួន៨គំរូរកសារធាតុគីមីហ្វលម៉ាលីន (Formalin)។ ជាលទ្ធផលពុំមានឃើញសារធាតុគីមីណាមួយធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ និងពិនិត្យគុណភាពអាហារកំប៉ុង និងផលិតផលផ្សេងៗ ដែលមានសភាពខួចគុណភាពកំពិទ ហួសការបរិច្ជេទ ដែលដាក់នៅក្នុងស្លាដក់ បានដកហូតយកគ្រឿងកំប៉ុង ដែមានសភាពកំពិតច្រែស ហួសការបរិច្ជេទចំនួន១៣កំប៉ុង សាប៊ូលាង ចាន២ធុង និងបានចែកខិតប័ណ្ណផ្សព្វផ្សាយ ពីសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋ ក្នុងគោលបំណងធានា បាននូវសុវត្ថិភាពចំណីអាហារ សំរាប់ប្រជាពលរដ្ឋ យកទៅប្រើ ប្រាស់ដោយ មិនប៉ះពាល់ដល់សុខភាព របស់ពួកគាត់។
លោកក៏បានក្រើនរំលឹកដល់អាជីវករទាំងអស់ ត្រូវលក់តែផលិតផល ដែលមានសុវត្ថិភាព មានកាល បរិច្ឆេទត្រឹមត្រូវ ចៀសវាងប្រជាជនទិញយកទៅប្រើប្រាស់ នាំអោយប៉ះពាល់ ដល់សុខភាពកើតជម្ងឺផ្សេងៗ ធ្វើអោយប្រជាជន ត្រូវចំណាយថវិកាមួយ ផ្នែកធំដើម្បី ព្យាបាលជម្ងឺដែលបង្កឡើង ដោយចំណីមិនមានសុវត្ថិភាព៕