(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានទទួលជួបលោក Jack Myrnt នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ប្រចាំកម្ពុជា រួមជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រុមហ៊ុនធំៗ ដែលវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដើម្បីពិភាក្សាការងារ ដែលរៀបចំនៅទីស្តីការក្រសួង។
ជំនួបខាងលើនេះ គឺដើម្បីផ្សាភ្ជាប់លទ្ធផល នៃជំនួបកំពូលរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Michael Walter Michalak នាយកគ្រប់គ្រងតំបន់ និងក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ ដែលរៀបចំធ្វើឡើងនៅវិមានសន្តិភាព។
ក្នុងឱកាសនោះ លោកប្រធានប្រតិភូ បានជម្រាបជូនលោករដ្ឋមន្រ្តី ពីគោលបំណងនៃជំនួបនា ថ្ងៃនេះ គឺទី១៖ ជួយធ្វើការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម, ទី២៖ ជួយរៀបចំចងក្រង និងអនុវត្តនូវវិធាននានា ដែលទាក់ទងនឹងវិស័យកសិកម្ម, ទី៣៖ កសាងនិងអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម និងទី៤៖ គាំទ្រ និងលើកទឹកចិត្ត ដល់សហគ្រាសខ្នាតតូច និងមធ្យម (SME)។
លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដោយបានឃើញសមិទ្ធផលថ្មីៗជាច្រើន ដែលកើតឡើងរវាងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក Jack Myrnt និងសហការី ដែលបានអញ្ជើញមកក្រសួងនាព្រឹកនេះ បំណងស្វែងយល់បន្ថែមពីសក្តានុពល លើវិស័យកសិកម្មនាពេលបច្ចុប្បន្ន។
នាឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានជម្រាបជូនភ្ញៀវដោយសង្ខេប ពីអនុវិស័យមួយចំនួន ដែលមានសក្តានុពល សម្រាប់ធ្វើការវិនិយោគក្នុងនោះ មានផលិតកម្មស្រូវ ពោត ដំឡូងមី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ វារីវប្បកម្មទឹកសាប និងសមុទ្រ និងផលិតកម្មសត្វផងដែរ -ល-។ អនុវិស័យទាំងនោះ ទាមទារធ្វើការវិនិយោគ ទាំងលើការងារផលិតកម្ម ដើម្បីបង្កើនផលិតភាពផលិតកម្ម គុណភាព និងសុវត្ថិភាព តាមរយៈការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តកសិកម្មតាមកិច្ចសន្យា និងការងារកែច្នៃជាផលិតផល ពាក់កណ្តាលសម្រេច ឬផលិតផលសម្រេចតែម្តង ដែលអាចធ្វើការប្រកួតប្រជែង ទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនភ្ញៀវផងដែរថា ដោយយល់ឃើញពីតម្រូវការចាំបាច់ ក្នុងការនាំចេញកសិផល បច្ចុប្បន្នរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោលនយោបាយគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម និងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាអាទិ៍៖ ផ្លូវគមនាគមន៍ កំពង់ផែរទឹងជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនី -ល-។
ដោយឡែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស ដើម្បីជួយជំរុញវិស័យកែច្នៃ វេចខ្ចប់ឲ្យមានការរីកចម្រើន ដើម្បីធ្វើការនាំចេញកសិផល នាពេលអនាគត។
ដើម្បីឲ្យកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ បានប្រព្រឹត្តទៅដោយរលូន លោករដ្ឋមន្រ្តី បានណែនាំដល់អង្គភាពជំនាញធ្វើការសហការ ជាមួយសមាជិកក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ឲ្យបានខ្ជាប់ខ្ជូន និងមានប្រសិទ្ធភាព មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់ពីលទ្ធភាព។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានឯកភាពលើសំណើរបស់ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិកមួយចំនួនទៀត ដែលមានបំណងមកវិនិយោគ លើវិស័យកសិកម្ម នៅកម្ពុជានាពេលឆាប់ៗ ខាងមុខនេះ៕