(ភ្នំពេញ)៖ លោកបណ្ឌិត កែន សម្បត្តិ សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងលោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាព។
លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងភរិយា ឡាយ នារី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ មានក្តីរន្ធត់ប្រកបដោយទុក្ខសោកយ៉ាងពន់ពេកឥតឧបមា បន្ទាប់ពីទទួលដំណឹងដ៏សែនក្រៀមក្រំបំផុតអំពីមរណភាពរបស់លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
ការទទួលមរណភាពរបស់លោក នៃ ប៉េណា គឺការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ដល់លោកស្រី និងបុត្រធីតា ព្រមទាំងក្រុមគ្រួសារ ហើយជាការបាត់បង់នូវវីរជនដ៏ឧត្តុង្គឧត្តម និងជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលកន្លងមក បានយកកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីពុះពារជំនះឧបសគ្គគ្រប់បែបយ៉ាងចូលរួមចលនារំដោះប្រទេសជាតិ និងបម្រើជាតិមាតុភូមិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
យើងខ្ញុំសូមចូលរួមរំលែកនូវមហាមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធសព លោក នៃ ប៉េណា បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕