(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ដល់សាធារណជនឲ្យបានជ្រាបថា ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឃោសនាអះអាងថា ផ្ដល់ជូនប្រាក់កម្ចីរហ័ស ដោយមិនចាំបាច់មានឯកសារ ឬទ្រព្យបញ្ចាំង ជាគ្រឹះស្ថានខុសច្បាប់ និងមិនទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជានោះឡើយ។
ការចេញមកបញ្ជាក់បែបនេះ របស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានការផ្ញើសារតាមប្រព័ន្ធទូរស័ព្ទ ឃោសនាផ្ដល់ប្រាក់កម្ចីរហ័ស ដោយមិនចាំបាច់មានឯកសារ ឬទ្រព្យបញ្ចាំ ដែលប្រជាពលរដ្ឋទទួលបានទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា។
ធនាគារជាតិបានឲ្យដឹងទៀតថា «ទង្វើដែលផ្សព្វផ្សាយទាំងនេះ ជាអំពើខុសច្បាប់ ស្ដីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដោយក្រុមហ៊ុន ឬបុគ្គលទាំងនោះ មិនទទួលបានការអនុញ្ញាតឲ្យ ផ្ដល់សេវាប្រាក់កម្ចីពីធនាគារជាតិនៃកម្ពុជា»។
ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីចៀសវាងការប្រើប្រាស់សេវាកម្ចីក្រៅផ្លូវការ ដែលប្រឈមនឹងការចាញ់បោកល្បិចកល របស់ឈ្មួញចងការប្រាក់ និងហានិភ័យផ្សេងៗជាយថាហេតុ៕