(ត្បូងឃ្មុំ)៖ ខណៈពិធីបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកស្រី បានអញ្ជើញចូលរួមកាន់បិណ្ឌទី៩ នៅវត្តចាស់ ហៅវត្តអាស្រមសីលារង្សី ត្រពាំងថ្កូវ ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ។
ថ្លែងនាឱកាសនោះដែរ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ការកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌនេះ ជាប្រពៃណីតាំងពីដូនតាខ្មែរ ហើយគោលបំណងនៃពិធីភ្ជុំបិណ្ឌនេះ គឺដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃ គ្រប់ព្រះអង្គ គង់ចាំព្រះវស្សា នៅក្នុងទីអារ៉ាម។ ម៉្យាងទៀត គឺដើម្បីរំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជនដែល បានលាចាកលោកនេះ ទៅកាន់លោកខាងមុខ។
លោក វង សូត បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យជាតិប្រពៃណីខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋគោរពប្រតិបត្តិតាមគន្លងនៃ ព្រះពុទ្ធសាសនាមកតៗគ្នាជាយូរលង់មកហើយ នេះក៏ដោយសារប្រទេសមានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានគាំទ្រ និងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា បានធ្វើឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ប្រជាជនខ្មែរគ្រប់រូបមាន សិទ្ធិសេរីភាព ក្នុងការគោរពសាសនាគ្រប់ពេលវេលា ដែលវាខុសគ្នាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានលុបបំបាត់វិស័យព្រះពុទ្ធសាសនា ធ្វើឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងភ្លើងសង្រ្គាម។
រដ្ឋមន្ត្រីបានបន្តទៀតថា កុសលផលបុណ្យ ដែលបានធ្វើក្នុងថ្ងៃវេនបិណ្ឌទី៩នេះ បានរួមចំណែកនៃកុសលផលបុណ្យក៏ដូចជាឧទ្ទិសជូនចំពោះ ដួងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់កំណើតកើត ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
បន្ថែមពីលើនេះ រដ្ឋមន្រ្តី វង សូត និងលោក លី ឡេង អភិបាលខេត្ត បានប្រគេនបច្ច័យចំនួន២ម៉ឺនដុល្លារ សម្រាប់កសាងព្រះវិហារ និងនាំយកសំភារៈបរិក្ខារ រួមមាន អង្ករ ទឺកក្រូច ទឹកសុទ្ធ មី ជូនដល់ចៅអធិការវត្ត ដើម្បីប្រើបា្រស់នៅក្នុងវត្តចាស់នេះផងដែរ ។ ក្រៅពីនោះ ក៏មានការផ្តល់ជូនថវិការដល់ ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយ ចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានបច្ច័យចំនួន១ម៉ឺនរៀល៕