(ស្វាយរៀង)៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះពិនិត្យទំនិញគ្រប់ប្រភេទ និងរកសារធាតុគីមីដែលច្បាប់ហាមឃាត់ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដោយបានរកឃើញសារធាតុបូរ៉ាក់ ដែលត្រូវបានអ្នកផលិតដាក់លើងៀត ត្រីបបែលផ្អែមស្រស់ ចំនួន១៥គីឡូក្រាម។ សមត្ថកិច្ចជំនាញ បានដកហូត និងបានធ្វើកិច្ចសន្យា ដោយមិនឱ្យអាជីវករដាក់លក់តទៅទៀត។
លោក ផឹង និល ប្រធានសាខាកាំត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ មន្ត្រីជំនាញបានចុះពិនិត្យទំនិញគ្រប់មុខ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីរកសារធាតុគីមី ដាក់ក្នុងមុខទំនិញ ដោយបានរកឃើញសារធាតុគីមីប៉ូរាក់ ដាក់ក្នុងងៀតត្រីបបែលចំនួន១៥គីឡូក្រាម។ លោកថា អ្នកដែលបរិភោគងៀតមានសារធាតុនេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា ខូចក្រពះពោះវៀន ក្រលៀន និងអាចបង្កឲ្យបែកឈាមតាមរោមយ៉ាងធ្ងន់ធ្ងរទៀតផង។
លោក ផឹង និល បានបញ្ជាក់ថា ការចុះពិនិត្យទំនិញនេះ មន្ត្រីជំនាញបានពិនិត្យមុខទំនិញជាច្រើនមុខ ដោយបានផ្តោតសំខាន់ទៅលើបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ ហើយបានណែនាំដល់អ្នកលក់ ត្រូវបញ្ឈប់ដាក់លក់ជាបន្ទាន់ រាល់ប្រភេទងៀតបបែលដែលផ្ទុកសារធាតុគីមីនេះ។
ប្រធានសាខារូបនេះ ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា ការបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគជាពិសេស នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងត្រូវចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល និងបន្តចុះតាមច្រករបៀង ព្រមទាំងពិនិត្យទំនិញ នៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀង ឲ្យបានដូចភ្លៀងរលឹម៕