(ភ្នំពេញ)៖ កម្លាំងអាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីសំណាក់លោក ឃាង ម៉ារិទ្ធិ អនុប្រធានការិយាល័យផលិតកម្មសត្វ នៃមន្ទីរកសិកម្ម រាជធានីភ្នំពេញ បានចុះបិទអាជីវកម្មលក់មាន់ចំនួន២កន្លែង ស្ថិតតាមបណ្តោយផ្លូវ២៩បេតេ ភូមិសន្សំចំរើនផល ៣ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ក្រោយមានផលប៉ះពាល់លើបញ្ហាគ្មានអនាម័យ និងមានក្លិនស្អុយជះឥទ្ធិពល ដល់ពលរដ្ឋក្បែរខាង។
អាជ្ញាធរបានឱ្យដឹងថា ទីតាំងទាំង២ មានម្ចាស់ទី១៖ ឈ្មោះ ប្រាក់ ស្រីមុំ ជាម្ចាស់អាជីវកម្មខ្នាតតូចល្មម ផ្ទះគ្មានលេខ និងទីតាំងទី២៖ ម្ចាស់ឈ្មោះ ឡុង សុវណ្ណារិទ្ធិ ជាម្ចាស់អាជីវកម្មមាន់ខ្នាតធំ ចំណុចផ្ទះលេខ៨២២។
លោក ឌី រ័ត្នខេមរុណ បានឱ្យដឹងថា មុនឈានដល់ការដឹកនាំកម្លាំងចម្រុះចុះមកបិទអាជីវកម្មទាំង២ខាងលើ គឺកន្លងមកអាជ្ញាធរខណ្ឌធ្លាប់ បានធ្វើលិខិតណែនាំឱ្យម្ចាស់អាជីវកម្មទាំង២ ត្រូវរុះរើរសម្ភារដែលមានក្នុងទីតាំងចេញឲ្យអស់ និងត្រូវលាងសម្អាតឲ្យបានស្អាតល្អមុនពេលបញ្ឈប់អាជីវកម្ម។
លោកអភិបាលរងបានបន្តថា កន្លងមក គឺអាជ្ញាធរធ្លាប់ទទួលបានបណ្តឹងជាច្រើន ពីពលរដ្ឋក្បែរខាង ប្តឹងទៅកាន់អាជ្ញាធរ អំពីផលប្រឈមលើបញ្ហាអនាម័យ ពោល គឺជះក្លិនស្អុយបំផុតចេញពីទីតាំងទាំង២ បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ក្រោយទទួលបានបណ្តឹងមកកម្លាំងអាជ្ញាធរ ក្នុងនោះមានមន្ត្រីជំនាញ បានចុះទៅពិនិត្យជាក់ស្តែង ក៏រកឃើញថា ទីតាំងទាំង២ខាងលើ ពិតជាមានផលប្រឈមដូចអ្វី ដែលពលរដ្ឋបានប្តឹងប្រាកដមែន ហើយអ្វីពិសេសនោះ គឺទីតាំងទាំង២នេះ មិនមានអនាម័យល្អលើសង្វាក់ អាជីវកម្មរបស់ខ្លួនផងដែរ។
អាជ្ញាធរបានធ្វើកំណត់ហេតុ ផ្អាកទីតាំងអាជីវកម្មមាន់ទាំង២នេះ និងមិនតម្រូវឱ្យម្ចាស់អាជីវកម្មទាំង២ អាចបន្តអាជីវកម្មបានទៀតឡើយ ពោលគឺតម្រូវឲ្យពួកគាត់បញ្ឈប់អាជីវកម្មដោយខ្លួនឯង ដោយត្រូវប្រមែប្រមូលសម្ភារទាំងអស់ ចេញពីទីតាំងរបស់ខ្លួន ហើយត្រូវលាងសម្អាតទីតាំង ឱ្យបានស្អាតល្អជាមុនសិន មុនពេលបញ្ឈប់អាជីវកម្មរបស់ខ្លួន។
ម្យ៉ាងទៀតពួកគេអាចផ្លាស់ប្តូរទីតាំងរបស់ខ្លួន ពីតំបន់កំពុងមានផលប្រឈមខាងលើ ទៅតាំងទីទួលនៅតំបន់ដាច់ស្រយ៉ាលសមស្របណាមួយបានដែលមិនមែនជាទីប្រជុំជន ដើម្បីចៀសវៀងការប៉ះពាល់ដល់អនាម័យសង្គម ពិសេសរំខានដល់ការរស់នៅ របស់ប្រជាជនក្បែរខាង។
លោកអភិបាលរងខណ្ឌបានបញ្ជាក់ថា ក្នុងករណីដែលម្ចាស់ទីតាំងទាំង២ខាងលើ មិនគោរពទៅតាមកំណត់ហេតុ ឬគោលលការណ៍ណែនាំ របស់អាជ្ញាធរនោះ អាជ្ញាធរនឹងមានវិធានការចាត់ការតាមច្បាប់ ជាក់ជាមិនខានឡើយ៕