(ភ្នំពេញ)៖ លោក យី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងលោកវ វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោក Fumio Yamada ប្រធានអង្គការសមាគម សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (JCIA) បានបេ្តជ្ញារួមគ្នាថា នឹងបណ្តុះបណ្តាលធនធានមនុស្ស និងអ្នកជំនាញ សម្រាប់ថែទាំមនុស្សចាស់នៅកម្ពុជា ។
លោក Fumio Yamada បានប្រាប់ថា សិក្ខាកាមរបស់ក្រសួង ដែលចង់ទទួលបានជំនាញ មើលថែមនុស្សចាស់នេះ គួទៅសិក្សានៅប្រទេសជប៉ុនជាមុនសិន។ អង្គការរបស់លោក មានដៃគូសហការជាច្រើន នៅប្រទេសជប៉ុន ក្នុងការបណ្តុះបណ្តាលសិក្ខាកាម ឲ្យមានជំនាញពិតប្រាកដ ដើម្បីយកជំនាញមកជួយដល់ប្រទេសកម្ពុជា។ លោកបន្តថា ខាងជប៉ុន រីករាយក្នុងការបង្ហាត់បង្រៀន ឲ្យអស់ពីសមត្ថភាពជូនដល់សិក្ខាកាមកម្ពុជា ដែលត្រូវទៅសិក្សា និងបណ្តុះបណ្តាលជំនាញនេះ នៅប្រទេសជប៉ុន។
ការថ្លែងរបស់លោក Fumio Yamada បានធ្វើឡើងខណៈ លោករួមនិងក្រុមការងារមួយចំនួនទៀតបាន អញ្ជើញជួបសំណេះសំណាល ជាមួយលោក យី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួង។
ជាមួយគ្នានោះ លោក យី យ៉ូន បានស្នើឲ្យអង្គការជួយលើការងារនេះ ពីព្រោះជំនាញនេះមានសារៈសំខាន់ និងស្របតាមក្របខណ្ឌគោលនយោបាយ របស់រាជរដ្ឋាភិបាល ខណៈប្រជាជនមានវ័យចាស់ មានការកើនឡើងច្រើន។ កន្លងមកកម្ពុជា នៅមិនទាន់មានកន្លែងថែទាំ មនុស្សចាស់ដែលជា របស់រដ្ឋនៅឡើយទេ។
លោកបន្តថា មណ្ឌលថែទាំមនុស្សចាស់ដែលក្រសួងបានបង្កើតឡើង គឺក្នុងគោលដៅថែទាំមនុស្សចាស់គ្មានទីពឹង និង ជាសាលាត្រួទពិនិត្យ អប់រំបុគ្គលិក ឲ្យមានជំនាញ ថែទាំមនុស្សចាស់ដែលមានស្តង់ដារ និងអាចផ្តល់បទពិសោធន៍ និងកិច្ចសហការ ដល់មណ្ឌលថែទាំ មនុស្សចាស់ របស់រដ្ឋ ឲ្យបានល្អ ដើម្បីបំពេញតម្រូវការ នៃចំនួនមនុស្សចាស់កើនឡើង នាពេលអនាគត។
លោកបានលើកឡើងថា កន្លងមកមក អង្គការនេះ បានជួយបណ្តុះបណ្តាលជំនាញហើយ ជួយឧបករណ៍ ដល់ជនពិការកម្ពុជា ឲ្យមានមុខរបរខ្លួនឯងទៀតផង។
បន្ថែមពីលើនេះ លោក Fumio Yamada បានបញ្ជាក់ថា អង្គការលោក និងសហការជាមួយ ក្រសួងសង្គមកិច្ចឲ្យបានល្អបំផុត ដើម្បីបណ្តុះធនធានមនុស្ស របស់កម្ពុជា ឲ្យកាន់តែមានចំនួនច្រើនឡើងជាងមុន។
គួររំលឹកថា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១ តុលា បានបញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រសួងសង្គមកិច្ច បានបង្កើតសមាគមន៍មនុស្សចាស់ចំនួន១៦៤៦ឃុំ សង្កាត់ នៅទូទាំងរាជធានីខេត្ត ដែលក្នុងនោះរួមមាន ឆ្នាំ២០១៦ ចំនួន៣៩៤ឃុំ-សង្កាត់ ឆ្នាំ២០១៧ ចំនួន១២៤២ ឃុំ-សង្កាត់ និងឆ្នាំ២០១៨ បាន១០ឃុំ-សង្កាត់បន្ថែមទៀត។ លោករដ្ឋមន្ត្រី បានបន្ថែមថា អាណត្តិទី៦នេះ រាជរដ្ឋាភិបាល បន្តពង្រឹងសមាគមមនុស្សចាស់ នៅតាមឃុំ-សង្កាត់ឲ្យកាន់តែទូលំទូលាយជាងមុន៕