(ភ្នំពេញ)៖ មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ទាំង៨នាក់ ដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្ដិសុខ និងឈានចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជានោះ ត្រូវកម្លាំងនគរបាលសហការគ្នា បើកប្រតិបត្តិការចាប់ខ្លួនបាននៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងទឹកដីខេត្តព្រះវិហារ។
មេក្លោងរូបនេះត្រូវបានសមត្ថកិច្ចរាយការណ៍ថា ឈ្មោះ ប៊ុន ប្រសើរ អាយុ៤២ឆ្នាំ ឈ្មោះហៅក្រៅ ថង ឌី នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាសមាជិកចលនារណសិរ្យរំដោះជាតិខ្មែរ។ ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលដកហូតបាន កាំភ្លើង AK ៤៧មួយដើម, អាវុធខ្លីមួយដើម, គ្រាប់បែក៤គ្រាប់, កាមេរ៉ា១គ្រឿង, កំព្យូទ័រ១គ្រឿង, ម្សៅក្រាមពណ៌ស១គីឡូក្រាម, ម្សៅពណ៌លឿង១គីឡូក្រាម, កាំជ្រូចដែលអាចកែច្នៃធ្វើគ្រាប់បែក, កែវឆ្លុះ៣គ្រឿង និងលិខិតឆ្លងដែន១។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះថា ជនសង្ស័យដែលជាមេក្លោងក្រុមជួញដូរអាវុធខុសច្បាប់នេះ បានបញ្ជូនទៅខេត្ដព្រះវិហារ មកដល់ក្រសួមហាផ្ទៃហើយ នៅយប់មិញនេះ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន មេក្លោងរូបនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី០៣ ខែតុលានេះតែម្ដង ដើម្បីបន្ដសួរនាំ និងផ្ដន្ទាទោសតាមច្បាប់។
សូមជម្រាបថា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ថា មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ទាំង៨នាក់ ដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្ដិសុខ និងឈានចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជានោះត្រូវបានចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី០២ ខែតុលានៅខេត្តព្រះវិហារ។
ពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើសបានទាន់ពេលវេលានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្តល់ថវិកា៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កងកម្លាំងនគរបាល ដើម្បីលើកទឹកចិត្តចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធអាណាធិបតេយ្យ នាពេលថ្មីៗនេះ ។
សូមបញ្ជាក់ថា ជនប្រដាប់អាវុធដែលពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់ទ្រង់ទ្រាយធំ នៅក្នុងប្រទេសកម្ពុជា មានបំណងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្ដិសុខ និងឈានចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានកម្លាំងនគរបាលរួមសហការគ្នា បើកប្រតិបត្តិស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជាបន្ដបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីម្សិលមិញផងដែរ។
ចំណាត់ការដ៏ម៉ឺងម៉ាត់ នៃប្រតិបត្តិការតាមចាប់ក្រុមជួញដូរអាវុធទាំង៨នាក់ និងដកហូតអាវុធជិត៣០ដើម បានធ្វើឡើងក្រោមកិច្ចសហការរវាង កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខេត្តកំពត កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលខេត្តព្រះវិហារ និងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលនីតិវិធីរបស់ ព្រះរាជអាជ្ញារាជធានី-ខេត្តទាំង៣។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ ត្រូវបានឃុំខ្លួនដាក់ ពន្ធនាគារកាលពីម្សិលមិញ ក្រោមបទចោទប្រកាន់ពីការជួញដូរអាវុធខុសច្បាប់។
សម្រាប់ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង៨នាក់នេះ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានធ្វើឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយចាប់ផ្ដើមដំបូងចុះបង្ក្រាបនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ របស់កម្លាំងនគរបាលប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយប៉ុស្ដិ៍នគរបាល ដោយមានការឃាត់ខ្លួនជនសង្ស័យមួយចំនួន និងអាវុធប្រភេទ AK ស្វាយបត់ ចំនួន២៥ដើម៕