(ក្រចេះ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមានជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងអាជ្ញាធរខេត្ដក្រចេះ នឹងយកពូជស្រូវប្រមាណ២០០តោន ទៅចែកជូនប្រជាកសិករនៅក្នុងមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋចាប់ផ្ដើមបង្កបង្កើនផល។
ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ លោក អ៊ឹម ពិសី នាយករងរដ្ឋបាលសាលាខេត្តក្រចេះ បានឲ្យដឹងយ៉ាងដូច្នេះថា «តាមអ្វីដែលបានគ្រោង និងរៀបចំទុកនោះ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ គណៈកម្មការរបស់ក្រសួងកសិកម្ម, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ និងអាជ្ញាធរខេត្តក្រចេះ នឹងយកពូជស្រូវ២០០តោន ទៅចែកជូនប្រជាកសិករ នៅតាមបណ្ដាលស្រុក ក្នុងខេត្ដក្រចេះ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំ២០១៨»។
សូមជម្រាបថា ការចេញមកបញ្ជាក់ពីរដ្ឋបាលខេត្តក្រចេះយ៉ាងដូច្នេះ បានធ្វើឡើងបន្ទាប់ពី កសិករជាច្រើនឃុំនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលរងគ្រោះដោយសារទឹកជំនន់នោះ តាមរយៈអង្គភាព Fresh News កំពុងដង្ហោយរកពូជស្រូវ ដើម្បីព្រោះឲ្យទាន់ពេលមានទឹកភ្លៀងធ្លាក់បញ្ជូនចុងរដូវ។
អ្នកស្រី លុយ សាវី កសិករនៅក្នុងឃុំសណ្តាន់ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះថា រូបគាត់មិនទាន់ទទួលបានពូជស្រូវសម្រាប់យកទៅព្រោះនៅឡើយទេ ខណៈអាជ្ញាធរបានស្រង់យកឈ្មោះរបស់គាត់រួចហើយ។ អ្នកស្រី សាវី បានលើកឡើងថា ប្រសិនបើការចែកពូជស្រូវនេះ មានភាពយឺតយ៉ាវអាចនឹងធ្វើឲ្យការព្រោះស្រូវរបស់ពួកគាត់ជួបបញ្ហា ព្រោះទឹកភ្លៀងបញ្ជូនចុងរដូវនេះជិតអស់ទៅហើយ។
កសិករក្នុងឃុំសណ្តាន់ម្នាក់ទៀត លោក ដារា បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងឃុំដទៃ ដូចជាសំបុក ស្រុកចិត្របុរី បានទទួលពូជស្រូវអស់ហើយ តែសម្រាប់ភូមិរបស់លោកមិនទាន់ទទួលបាននៅឡើយនោះទេ។ លោកបានសម្តែងការងឿងឆ្ងល់ហេតុអ្វីកសិករនៅស្រុកដទៃគេបាន ហើយសម្រាប់រូបលោកហេតុអ្វីមិនទាន់បាន?
ទាំងអ្នកស្រី សាវី និងលោក ដារា សុទ្ធតែបានបង្ហាញក្តីព្រួយបារម្ភថា ប្រសិនបើការចែកចាយពូជស្រូវនេះមានការយឺតយ៉ាវការបង្កបង្កើននៅរដូវទឹកសម្រករបស់ពួកគាត់នឹងជួបបញ្ហា។
ពាក់ព័ន្ធបញ្ហាពូជស្រូវនេះ មេឃុំសណ្តាន់ លោក គីវ ផល្លា បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងស្រុកសំបូរដែលរងគ្រោះទឹកជំនន់ជន់លិចមានចំនួន៣ឃុំ ហើយត្រូវការពូជស្រូវប្រមាណជា ៥០តោន។ លោកមេឃុំ បានអះអាងថា អាជ្ញាធរស្រុកបានសាកសួររឿងពូជស្រូវនេះទៅខាងមន្ទីរកសិកម្មរួចហើយ តែត្រូវបានមន្ទីរកសិកម្មអះអាងថា រឿងពូជស្រូវនេះ ស្ថិតនៅលើដៃរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ។
បើតាមលោកមេឃុំសណ្តាន់ ភាពយឺតយ៉ាវក្នុងការចែកពូជស្រូវនេះ ដោយសារតែគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយដើររកទិញពូជស្រូវមិនទាន់បាន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឲ្យត្រៀមពូជស្រូវចែកជូនប្រជាកសិករឲ្យបានទាន់ពេលវេលានៅក្នុងពេលទឹកស្រកនេះ ដើម្បីឲ្យកសិកររងគ្រោះដោយសារទឹកជំនន់នេះ អាចព្រោះស្រូវបានទាន់ពេលមានភ្លៀងធ្លាក់នៅចុងរដូវនេះ៕