(ភ្នំពេញ)៖ សត្វខ្ទីងមេ១ក្បាល បានបង្កើតកូនខ្ទីង ឈ្មោល១ក្បាល នៅក្នុងទ្រុង នៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ កាលពីថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។ នេះបើតាម Page របស់ក្រសួងបរិស្ថាន បានចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។
បើតាមក្រសួងបរិស្ថាន នេះជាសញ្ញាជោគជ័យមួយទៀត របស់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ក្នុងកម្មវិធីបង្កាត់ពូជសត្វព្រៃ។ កូនខ្ទីងឈ្មោល ដែលទើបនឹងកើតនេះ កំពុងស្ថិតក្រោមការតាមដាន យ៉ាងយកចិត្តទុកដាក់ពីបសុពេទ្យ និងអ្នកថែរក្សាសត្វព្រៃ។
សត្វខ្ទីងជាប្រភេទសត្វព្រៃធំ មួយប្រភេទដែលមានតម្លៃកាត់ថ្លៃ មិនបានហើយអ្វីដែលជាការព្រួយបារម្ភនោះ គឺការរស់នៅក្នុងព្រៃធម្មជាតិ កំពុងប្រឈមនឹងបញ្ហាជាច្រើន ពិសេសគឺ ការរេចរឹលនៃតំបន់ព្រៃភ្នំ ដែលជាទីជម្រករបស់ពួកវា។ មួយវិញទៀត ដោយសារសត្វនេះមានតម្លៃ ពួកព្រានព្រៃតែងតាមប្រមាញ់ដោយប្រើប្រាស់កាំភ្លើង។
សត្វខ្ទីង ជាសត្វមួយប្រភេទដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនរបស់ពួកវា មានការថយចុះគួរឲ្យព្រួយបារម្ភ ។ ខ្ទីងនៅក្នុងប្រទេសកម្ពុជាយើង វារស់នៅក្នុងតំបន់មួយចំនួន ដូចជា ភូមិភាគឦសាន ភូមិភាគខាងជើងខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និង ខេត្តកំពង់ស្ពឺ ជាដើម។
បច្ចុប្បន្ន ខ្ទីងស្ថិតក្នុងក្រុមប្រភេទសត្វដោយកម្រ មានដង់ស៊ីតេរស់នៅកម្រិតទាប។ គេកម្រឃើញវារស់នៅតាមវាលទំនាបណាស់ ព្រោះសត្វនេះមិនចូលចិត្តកម្តៅថ្ងៃយូរពេកទេ។ សត្វខ្ទីងកំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ទីជម្រករស់នៅ ការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។
ខ្ទីងប្រភេទនេះ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ថា ជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕