(បាត់ដំបង)៖ លោក ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកស្រី លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ និងពុទ្ធបរិស័ទចំណុះជើងវត្ត នាព្រឹកថ្ងៃ០៣ ខែតុលា ឆ្នាំ២០១៨នេះ បានចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តពោធិ៍វាល ស្ថិតនៅសង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះ លោក ងួន រតន: និងមន្ដ្រីរាជការខេត្តបាត់ដំបង បាននាំយកបច្ច័យមួយចំនួន រួមជាមួយទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខប្រគេនដល់ព្រះសង្ឃ រាប់បាត បង្សុកូល ឧទ្ទិសផល្លាអានិសង្ឃ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវិញ្ញាណក្ខន្ធឥស្សរជន វីរៈយុទ្ធជន ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ។
ជាមួយគ្នានេះផងដែរ លោក ងួន រតន: បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌនេះគឺជាពិធីបុណ្យជាតិប្រពៃណីខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋ គោរពប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនាមកតៗគ្នា ជាយូរលង់មកហើយ នេះក៏ដោយសារមួយបញ្ជាក់ថា ប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានគាំទ្រ និងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា បានធ្វើឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ប្រជាជនខ្មែរគ្រប់រូបមានសិទ្ធសេរីភាព ក្នុងការគោរពសាសនា គ្រប់ពេលវេលា ដែលវាខុសគ្នាពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានលុបបំបាត់វិស័យព្រះពុទ្ធសាសនា ធ្វើឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងភ្លើងសង្រ្គាម។
យោងតាមគណៈកម្មការអាចារ្យវត្ត បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ វត្តពោធិ៍វាលនេះគឺជាវត្តដែលព្រះមេគណខេត្តគង់នៅវត្តនេះ និងមានព្រះសង្ឃគង់នៅក្នុងវត្តសរុប១៥០អង្គព្រមទាំងមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញមកកាន់បិណ្ឌនៅទីអារាមនេះ ដោយបាននាំយកចង្ហាន់ និងទេយ្យវត្ថុផ្សេងៗមកប្រកគេនព្រះសង្ឃ បំពេញកុសល្យផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕