(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់នៅចំពោះមុខម្ចាស់ និងតំណាងសហគ្រាសក្នុងវិស័យកាត់ដេរជាង១០០០នាក់ថា លោកពិតជាមិនចង់ឃើញសហគ្រាសប្រកបអាជីវកម្មនៅកម្ពុជា ប្រកាសខាត ហើយបង់ពន្ធខ្វះ មានបញ្ជីគណនេយ្យ២ ឬ៣ ដែលនាំឲ្យរងការកំណត់ពន្ធឡើងវិញ នាំឲ្យមានទោសទណ្ឌនោះទេ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសលោកអញ្ជើញ ជាអធិបតីក្នុងសិក្ខាសាលា ផ្សព្វផ្សាយប្រកាសស្តីពី «វិធាន និងនីតិវិធីសម្រាប់អនុវត្តពន្ធលើប្រាក់ចំណូល និងពន្ធអាករនានា ទាក់ទិននឹងសកម្មភាព កាត់ ដេរ និងតម្រឹម របស់គម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់» ថ្ងៃអង្គារ ០៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ភ្នំពេញ។
សេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានដកស្រង់សំដីរបស់លោក គង់ វិបុល យ៉ាងដូច្នេះថា «ផ្សាភ្ជាប់នឹងទិដ្ឋភាពសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារបានកត់សម្គាល់ឃើញថា អ្នកជាប់ពន្ធដែលធ្លាប់ប្រកាសពន្ធខាត តែអគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រកាសពន្ធខាតកំពុងថយចុះជាបណ្តើរៗពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនាមជាអ្នកគ្រប់គ្រងប្រមូលពន្ធជូនរដ្ឋាភិបាល គឺចង់ឃើញសហគ្រាសរីកចម្រើន លូតលាស់ ធំធាត់ មានប្រាក់ចំណេញ និងប្រកាសមានប្រាក់ចំណេញបង់ជូនរដ្ឋ។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ពិតជាមិនចង់ឃើញសហគ្រាសប្រកាសខាត បង់ពន្ធខ្វះ មានបញ្ជីគណនេយ្យ ២ឬ៣នោះទេ ដោយរំពឹងថានឹងមិនមានការកិបកេងបន្លំពន្ធ ហើយរងការកំណត់ពន្ធឡើងវិញ ទទួលរងពិន័យ ទោសទណ្ឌ ព្រមទាំងការប្រាក់នោះទេ»។
ឆ្លើយតបនឹងបញ្ហាប្រឈមនានា ដែលសហគ្រាសក្នុងវិស័យកាត់ដេរនានា តែងតែលើកឡើងកន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានស្នើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសស្តីពី «វិធាន និងនីតិវិធីសម្រាប់អនុវត្តពន្ធលើប្រាក់ចំណូល និងពន្ធអាករនានាទាក់ទិននឹងសកម្មភាព កាត់ ដេរ និងតម្រឹម របស់គម្រោង វិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់» មានគោលបំណងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន សហគ្រាស រោងចក្រក្នុងការអនុវត្តឱ្យមានតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ក្នុងគោលដៅប្រមូលចំណូលពន្ធឱ្យបានគ្រប់ និងលើសតាមផែនការដែលកំណត់ដោយច្បាប់។
លោក គង់ វិបុល បានកើនរំលឹកដល់រោងចក្រ-សហគ្រាសទាំងអស់ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ ស្តីពីពន្ធដារ គឺជាកិច្ចការចម្បង ដែលអ្នកជាប់ពន្ធគ្រប់រូបត្រូវប្រកាន់យក ហើយបោះបង់ចោលនូវទម្លាប់ចាស់ ដែលកន្លងមកតែងតែស្នើសុំលើកលែងពន្ធ ដោយលើកយកហេតុផលផ្សេងៗ និងប្រែក្លាយការគោរពប្រតិបត្តិច្បាប់មិនទាន់បានខ្ជាប់ខ្ជួន និងមិនទាន់បានត្រឹមត្រូវ ឲ្យមកជាគោរពប្រតិបត្តិច្បាប់ ឱ្យបានត្រឹមត្រូវដោយមកដាក់លិខិតប្រកាស បង់ពន្ធឲ្យបានទាន់ពេលវេលា និងឲ្យបានត្រឹមត្រូវ។
លោកអគ្គនាយកក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងក្នុងកម្រិតមួយយ៉ាងល្អប្រសើរ គឺស្ថិតនៅក្នុងរង្វង់ប្រមាណ ៧% ក្នុងមួយឆ្នាំ។ ទន្ទឹមគ្នានេះ តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់ នូវកំណែទម្រង់រដ្ឋបាល និងគោលនយោបាយសារពើពន្ធ ព្រមទាំងបានធ្វើទំនើបកម្មពន្ធដារ ដោយអនុវត្តស្របតាមយុទ្ធសាស្រ្តកៀរគរ ចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ជាលទ្ធផលនៃការគ្រប់គ្រង ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទក្នុងរយៈពេល០៦ឆ្នាំចុងក្រោយនេះ ចាប់តាំងពីឆ្នាំ ២០១២ អគ្គនាយកដ្ឋានពន្ធដារ តែងតែសម្រេចបានគ្រប់ និងលើសផែនការច្បាប់កំណត់ ជាពិសេសក្នុងឆ្នាំ ២០១៧ កន្លងទៅនេះសម្រេចបាន ១១៥.២% នៃផែនការច្បាប់។
លទ្ធផលសម្រេចបាននេះ គឺអគ្គនាយកដ្ឋានពន្ធដារសម្រេចបានក្នុងបរិបទមួយដែល មិនមានការបង្កើនអត្រាពន្ធឬបង្កើតពន្ធថ្មី ទី២. មានតែពង្រឹងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារមានស្រាប់ ទី៣. ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យអស់សក្តានុពលដែលមានស្រាប់ និង ទី៤. ធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ៕