(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានជម្រុញឲ្យកងកម្លាំងនគរបាលនៃវរៈការពារព្រំដែនទាំអស់ បន្តការយកចិត្តទុកដាក់សហការជាមួយ កម្លាំងយោធាព្រំដែន ក្នុងកិច្ចការងារការពារលើសន្តិសុខ និងទប់ស្កាត់បង្រ្កាបបទសល្មើសនៅតាមព្រំដែន ឲ្យកាន់តែទទួលលទ្ធផលល្អបន្ថែមទៀត ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ត្រូវបង្កើនការពារផងដែរ។
ថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងកិច្ចសំណេះសំណាលរបស់លោកឧត្តមសេនីយ៍ស្នងការ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៦១៩ ចំណុះឲ្យស្នងការដ្ឋានគរបាលខេត្តក្រចេះ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងបានផ្តល់ជូនថវិកាចំនួន៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត ជូនដល់អង្គភាពនគរបាលវរការពារព្រំដែន។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានសម្តែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលវរៈការពារព្រំដែនទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការខិតខំបំពេញភារកិច្ចជាកងកម្លាំង ក្នុងកាតព្វកិច្ចការងារព្រំដែន ក្នុងកិច្ចការងារសហការជាមួយនគរបាលការពារព្រំដែនភាគីវៀតណាម បានធ្វើឲ្យព្រំដែនខេត្តទាំងពីរ ទទួលបាននូវសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន បានយ៉ាងល្អប្រសើរ មិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
បន្ថែមពីនេះ លោកស្នងការ ក៏បាននាំនូវការសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាអភិបាលខេត្ត ដល់នាយនាយរងនគរបាលវរៈការពារ ព្រំដែនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងក៏បាននាំយកថវិការបស់ នាយឧត្តមសេនីយ៍អគ្គស្នងការ មានចំនួន៥លានរៀល ចែកជូនដល់កងកម្លាំងនគរបាលជាង៨០រូប ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ រួមមាន អង្ក២តោន មី ត្រី ខ ទឹកត្រី ទឹកស៊ីអ៊ីវ នំក្រឡាន១០០ដើម ព្រមទាំងគ្រឿងបរិភោគមួយចំនួនធំទៀត ទៅចែកជូនផងដែរ៕