(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នេះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបូជាសព លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៣៖០០នាទី ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
សពលោក នៃ ប៉េណា អនុប្រធានទី១នៃព្រឹទ្ធសភា ត្រូវបានដង្ហែពីគេហដ្ឋានរបស់លោក ឆ្ពោះទៅកាន់ឈាបនដ្ឋានខាងមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ដើម្បីបូជាទៅតាមប្រពៃណី នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិបាលទាំងអស់បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា មរណភាពរបស់ លោក នៃ ប៉េណា គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ៕