(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកម្លាំងនគរបាលខេត្តបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យរកសារធាតុញៀនទៅលើអ្នកបើកបររថយន្ដធុនធំ ដែលធ្វើដំណើរឆ្លងកាត់មូលដ្ឋានខេត្តកំពង់ចាម។
ជាក់ស្ដែងក្រោយមានបទបញ្ជានេះ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើស បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យចរាចរណ៍ផ្លូវគោក និងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចុះត្រួតពិនិត្យឆែកឆេរ និងធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបរ ព្រូរថយន្ត ដឹកទំនិញធុនធំ នៅចំណុចភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម។
សម្រាប់ប្រតិបត្តិការពេញមួយថ្ងៃ កម្លាំងនគរបាលជំនាញបានហៅរថយន្ដដឹកទំនិញធុនធំ ធ្វើការត្រួតពិនិត្យ ចំនួន១០៦គ្រឿង បានធ្វើតេស្ដទឹកម៉ូតស្វែងរកសារធាតុញៀន សរុបចំនួន២០៣នាក់ (ក្នុងខេត្ត៦៨នាក់ ក្រៅខេត្ត១៣៥នាក់) ក្នុងនោះ អ្នកបើកបរចំនួន១០៦នាក់ ព្រូរថយន្ដ៩៦នាក់ និងកម្មករម្នាក់។
ជាលទ្ធផលរកឃើញថា មានមនុស្សចំនួន១៨នាក់ ដែលមានសារធាតុញៀន ក្នុងនោះអ្នកបើកបរចំនួន៩នាក់ ព្រូរថយន្ដចំនួន៨នាក់ និងកម្មករម្នាក់។ ដោយឡែកសម្រាប់រថយន្ដដឹកទំនិញធុនធំ ត្រូវបានឃាត់រក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចំនួន៩គ្រឿង៕