(កំពង់ធំ)៖ លោក ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ទិវាដាំកូនឈើពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានរួមចំណែកដល់ការបណ្ដុះស្មារតីស្រលាញ់ ថែរក្សាការពារព្រៃឈើដ៏មានតម្លៃ ក្នុងការថែរក្សាតុល្យភាពធាតុអាកាសសម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្ស សត្វជីវៈចម្រុះ មិនតែប៉ុណ្ណោះព្រៃឈើអាចកាត់បន្ថយភាពងាយរងគ្រោះផងដែរ។
លោកបានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី២ ខែ តុលា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងាររៀបចំទិវាដាំកូនឈើ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ពិធីនោះផងដែរក៏មានចូលរួមពី មន្ទីរបរិស្ថានខេត្តកំពង់ធំ ព្រមទាំងអង្គការដៃគូស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា (FAO) ព្រមទាំងអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណ២០០នាក់ផងដែរ។
លោក ប៉ែន ធារ៉ាត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានធ្វើសេចក្ដីរាយការណ៍ពីការដាំកូនឈើរួមមាន២៧,៨៨២ដើមក្នុងនោះមានកូនគ្រញូង កូនបេង កូននាងនួន កូនធ្នុង កូនត្រសេក សរុបមានចំនួន ២៣,៧៨២ដើម និងកូនឫស្សីចំនួន ៤,១០០ ដែលដាំក្នុងសហគមន៍ភូមិអន្លង់ក្រាញ់ សហគមន៍ភូមិស្រែក្រសាំង ភូមិខ្ទមមន ភូមិផ្ទះដើម និងភូមិពពក។
លោក ហួន វ៉ាន់និត បានឱ្យដឹងដែរថា ទិវាដាំកូនឈើនេះពិតជាមានសារៈសំខាន់ណាស់ក្នុងបរិបទបច្ចុប្បន្ន និងដើម្បីអនាគតកូនចៅជំនាន់ក្រោយៗទៀត ព្រោះជាទិវាស្ដានឹងធ្វើឱ្យមានស្ថេរភាពនូវធនធានធម្មជាតិ ពិសេសគឺព្រៃឈើដែលបច្ចុប្បន្នកំពុងរង នូវការហិនហោចនឹងបាត់បង់ម្ដងបន្តិចៗ និងទន្ទ្រានដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួន។ អ្វីដែលសំខាន់ទិវានេះនឹងរួមចំណែកដល់ការបណ្ដុះស្មារតីស្រលាញ់ ថែរក្សាការពារព្រៃឈើដ៏មានតម្លៃក្នុងថែរក្សាតុល្យភាពធាតុអាកាសសម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្ស សត្វជីវៈចម្រុះ មិនតែប៉ុណ្ណោះព្រៃឈើអាចកាត់បន្ថយភាពងាយរងគ្រោះ ដែលបណ្ដាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សំដៅសម្រេចបាននូវការធ្វើឱ្យប្រសើរឡើង នូវសន្តិសុខស្បៀងរបស់សហគមន៍មូលដ្ឋាន។
លោកបានបន្តទៀតថា ជាងនេះទៅទៀតទិវាក្នុងថ្ងៃនេះ នឹងរំលេចឱ្យឃើញថា អង្គការ FAO និងមន្ទីរបរិស្ថានខេត្តកំពង់ធំ បានសហការគ្នាយ៉ាងល្អក្នុងការស្ដារធនធានធម្មជាតិ ដែលបានសឹករិចរិលក្នុងសហគមន៍មូលដ្ឋាន ដើម្បីធានាបាននូវនិរន្តរភាពក្នុងការចិញ្ចឹមជីវិត និងការរស់នៅប្រកបដោយផាសុខភាព ស្របតាមទស្សនៈវិស័យ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា ក្រុមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវដាំដុះបន្ថែមទៀត និងយកចិត្តទុកដាក់ថែរក្សានូវកូនឈើដែលបានដាំរួច ដែលធនធានធម្មជាតិគឺជាជីវិតរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវមានផែនការបន្តទៀតនៅក្នុងព្រៃសហគមន៍ដើម្បីកាត់បន្ថយការកាប់បំផ្លាញ និងបង្កើនការដាំដុះឡើងវិញ ក្នុងព្រៃសហគមន៍ក្នុងការការពារធនធានធម្មជាតិ និងផ្សព្វផ្សាយពីសារៈប្រយោជន៍នៃធនធានធម្មជាតិដល់សហគមន៍ ដូចពាក្យចាស់ពោលថា «ពលរដ្ឋម្នាក់ដាំដើមឈើមួយដើម»។ លោកក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្សជារៀងរហូត។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្តនិងចូលរួមថែរក្សាធនធានធម្មជាតិនេះឱ្យយូរអង្វែងតទៅ៕