(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អញ្ជើញចូលរួមកាន់បិណ្ឌទី៩ នៅវត្ដមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងឱកាសអញ្ជើញកាន់បិណ្ឌនេះ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ហ៊ុន សែន ក៏បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។ បន្ទាប់ពីប្រគេនចង្ហាន់ហើយនោះ សម្ដេចតេជោសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានសុំឲ្យមគ្គផលកើតចេញពីការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូល បានជួបក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។
ទន្ទឹមនឹងនោះ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានជូនថវិកា និងក្រណាត់សរ ជូនដល់ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយ ព្រមទាំងពុទ្ធបរិស័កជាច្រើននាក់ផងដែរ ។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មកប្រារព្ធពិធីប្រពៃណីជាតិនេះ តាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន ។
បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយដ៏ធំៗ ក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២... និងថៃ្ងបញ្ចប់ គឺជាថៃ្ង «ភ្ជុំបិណ្ឌ»។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃទី១០ តុលា ឆ្នាំ២០១៨ ៕