(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បាននិយាយថា ទោះជាគ្រូពេទ្យពូកែយាងណាក៏ដោយ បើឱសថគ្មានគុណភាព ឬមិនល្អដោយប្រការណាមួយនោះ វានឹងជះឥទ្ធិពលដល់ប្រសិទ្ធភាព នៃការព្យាបាលរបស់គ្រូពេទ្យនោះមិនខាន។
លោក គួង ឡូ បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំស្តី ពីការផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ត្រីការិយាលយ័ទាំង៤នៃមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំប្រធានផ្នែកមន្ទីរពេទ្យបង្អែកខេត្ត ស្រុកប្រតិបត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យស្រុក និងមណ្ឌលសុខភាពជាច្រើនរូបផងដែរ។
លោក គួង ឡូ បានលើកឡើងថា ឱសថអាចជួយសង្រ្គោះជីវិត ប្រសិនបើគ្រប់គ្រងបានត្រឹមត្រូវ ពិសេសការរៀបចំទុកដាក់មិនឱ្យខូចគុណភាព សមស្របតាមបទដ្ឋានបច្ចេកទេស ដូចជាមូលដ្ឋានសុខាភិបាល ដែលមានប្រព័ន្ធអគ្គិសនី២៤ម៉ោង លើ២៤ម៉ោង ត្រូវដាក់ម៉ាស៊ីនត្រជាក់នៅឃ្លាំងស្តុបឱសថ។ ចំពោះមូលដ្ឋានសុខាភិបាលដែលមិនមានអគ្គិសនីគ្រប់គ្រាន់ ត្រូវរៀបចំឃ្លាំងស្តុបឱសថឱ្យមានប្រពន្ធខ្យល់ចេញចូល នោះទើបធ្វើឱ្យឱសថមិនខូចគុណភាព ហើយមានប្រសិទ្ធភាពក្នុងការព្យាបាលជូនអ្នកជម្ងឺ។ បើឱសថយើងគ្មានគុណភាពទេ ទោះគ្រូពេទ្យពូកែយ៉ាងណា ក៏ព្យាបាលជម្ងឺគ្មានប្រសិទ្ធភាពដែរ ម្យាងទៀតអាច និងធ្វើឱ្យមានការជះឥទ្ធិពលដល់គ្រូពេទ្យ និងមន្ទីរពេទ្យរបស់យើងមិនខាន។
លោកប្រធានមន្ទីរបានបន្តទៀតថា ដើម្បីឆ្លើយតប និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានពង្រឹងលើសេវាសុខភាពជូនប្រជាជន នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់។ ជាមួយគ្នានោះត្រូវបានពង្រឹងការងារ ដល់មន្ត្រីសុខាភិបាលទាំងអស់ ជាពិសេសត្រូវមានវត្តមានមន្ត្រីទទួលខុសត្រូវ ផ្តល់សេវាឱ្យបាន២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់នៅក្នុងខេត្តព្រះវិហារ ត្រូវពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលដល់មន្ត្រី ផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ត្រូវពង្រឹងការថែរក្សាអនាមយ័ សោភ័ណភាពនៅមូលដ្ឋានសុខាភិបាល ហើយក៏ត្រូវពង្រឹងការទុកដាក់វ៉ាក់សាំងទៅតាមបទដ្ឋានបច្ចេកទេស និងពង្រឹងការផ្តល់សេវាចាក់ថ្នាំបង្ការជូនដល់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារដែលមានអាយុក្រោម ៥ឆ្នាំនៅតាមមូលដ្ឋានដាច់ស្រយ៉ាល។
លោកវេជ្ជបណ្ឌិត គួង ឡូ បានធ្វើការបញ្ជាក់ថា ដើម្បីឆ្លើយតប និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ មន្ទីរសុខាភិបាលខេត្តបានពង្រឹង លើការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសមធម៌នៅគ្រប់សេវាសុខាភិបាលទាំងអស់ក្នុងខេត្តព្រះវិហារ៕