Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការសម្រេចផ្តន្ទាទោសជនជាតិឡាវម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត លើសំណុំរឿងគ្រឿងញៀន ជាង៥០គីឡូ

03-10-2018 09:32

(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសជនជាតិឡាវម្នាក់ ដាក់គុកអស់មួយជីវិត លើសំណុំរឿងជួញដូរគ្រឿងញៀន ចំនួន៥៤គីឡូក្រាម ដែលឧកញ៉ា ស៊ី ឡាឡយ ដឹកចូលកម្ពុជា ពីប្រទេសឡាវ កាលពីអំឡុងឆ្នាំ២០១៧។

គួររំលឹកថា នៅក្នុងសំណុំរឿងគ្រឿងញៀនរាប់សិបគីឡូនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣នាក់រួមមានទី១៖ ឧកញ៉ា ស៊ី ឡាឡយ ភេទប្រុស អាយុ៤៣ឆ្នាំ (ក្រោយមកស្លាប់), ទី២៖ ឈ្មោះ លួន សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិឡាវ (ត្រូវដាក់គុក១ជីវិត) និងទី៣៖ ឈ្មោះ ថង វ៉ាង ថៅកែក្រុមហ៊ុន ថង វ៉ាង ដឹកអ្នកដំណើរ (តុលាការសម្រេចដោះលែង)។

នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ លួន សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិឡាវ ដាក់គុកអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៥០លានរៀល ចូលជាថវិការដ្ឋ ពីបទដឹកជញ្ជូន រក្សាទុក និងជួញដូរសារធាតុញៀន ដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ យោងតាមមាត្រា៤០ នៃច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន»

ចំណែកជនជាប់ចោទ ឈ្មោះ ថង វ៉ាង ថៅកែក្រុមហ៊ុនដឹកអ្នកដំណើរ ថង វ៉ាង ដែលជាអ្នកដឹកគ្រឿងញៀន ចូលមករាជធានីភ្នំពេញ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ បន្ទាប់ពីដាក់គុកមួយរយៈជនជាប់ចោទឈ្មោះ ថង វ៉ាង ក៏ត្រូវបានដោះលែងឱ្យរួចខ្លួនវិញ។

គួររំលឹកថា ឧកញ៉ា ស៊ី ឡាឡយ ជាថៅកែគ្រឿងញៀន និងកូនចៅឈ្មោះ លួន សុផា ជាជនជាតិឡាវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាល ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ខណៈពួកគេនាំយកគ្រឿងញៀន ទម្ងន់សរុប៥៤គីឡូក្រាម ចូលក្នុងក្រុងភ្នំពេញ៕