(ភ្នំពេញ)៖ «សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមនឹងបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការអនុវត្តលើការងារគ្រប់គ្រងសំណល់រឹងរាវ និងសំរាមដែលបានបង្កើតឡើងនៅក្នុងទីតាំងរោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ភោជនីយដ្ឋាន អាជីវកម្ម សេវាកម្ម តាមទីផ្សារ បុរីនិងតាមលំនៅដ្ឋាន និងនៅតាមទីធ្លាសាធារណៈនានាដើម្បីរក្សាអនាម័យបរិស្ថានឱ្យបានស្អាតល្អ និងធ្វើឱ្យសុខុមាលភាពសាធារណៈកាន់តែល្អប្រសើរ ពលរដ្ឋមានសុខភាពល្អ លំនៅដ្ឋាន កន្លែងការងារ និងទីក្រុង សហគមន៍របស់យើងមានសោភ័ណភាពស្អាត»។ 

នេះគឺជាការអំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នេះដោយលោកបានលើកឡើងថា «ពីមួយឆ្នាំទៅមួយឆ្នាំ សំរាមនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងប្រមាណ ១០%ក្នុងមួយឆ្នាំ ដោយសារកំណើនប្រជាជន ការផ្លាស់ប្តូររបៀបនៃការរស់នៅ និងការវេចខ្ចប់ទំនិញ ប្រើប្រាស់ប្រចាំថ្ងៃ ហើយការយល់ដឹងពីការញែកសំរាមតាមប្រភេទសំរាម ស្របតាមគោលការណ៍បច្ចេកទេសនៅមានកម្រិតនៅឡើយ»

រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះតាមការប៉ាន់ប្រមាណនៅទូទាំងប្រទេសកម្ពុជា បរិមាណសំរាម សំណល់រឹងទីប្រជុំជន ដែលបានបង្កើត គឺប្រហែលជាង ៣,៦៥ លានតោន ឬប្រមាណជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ ដែលនៅក្នុងនោះនៅរាជធានីភ្នំពេញ មានប្រមាណជិត ៣ពាន់តោនក្នុងមួយថ្ងៃ នៅក្រុងសៀមរាម សំរាមដែលត្រូវបានបង្កើតឡើងមាន ប្រមាណជិត ៣៥០ ទៅ ៤០០ តោន នៅក្នុងមួយថ្ងៃ និងនៅក្រុងព្រះសីហនុ មានប្រមាណពី៦០០ ទៅ៦៥០ តោននៅក្នុងមួយថ្ងៃ។ លោករដ្ឋលេខាធិការបានថ្លែងថា បច្ចុប្បន្ននេះការគ្រប់គ្រងសំរាមសំណល់ រឹងទីប្រជុំជននៅទូទាំងប្រទេសមានភាពល្អប្រសើរជាងមុន ប៉ុន្តែមិនទាន់បានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបរិមាណសំណល់ដែលបានបង្កើតឡើង និងមានកំណើនជារៀងរាល់ថ្ងៃនេះទេ ជាពិសេសការប្រមូល ដឹកជញ្ជូន និងការទុកដាក់ចុងក្រោយ។

តាមការគូសបញ្ជាក់របស់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បរិមាណសំណល់រឹងសំរាម ប្រហែល ៤១% (១,៥ លាន តោន/ឆ្នាំ) នៃបរិមាណសំណល់សរុប ត្រូវបានប្រមូលយកទៅដាក់នៅទីលាន និងប្រហែល ១១% (៤០ ម៉ឺន តោន/ឆ្នាំ) នៃបរិមាណសំណល់សរុប ត្រូវបានប្រមូលទិញសម្រាប់ធ្វើការកែច្នៃ ហើយបរិមាណសំណល់ ដែលនៅសល់ប្រមាណជា ៤៨% ត្រូវបានដុត ឬបោះចោលតាមទីសាធារណៈ និងប្រភពទឹកនានា ក្នុងខណៈពេលដែលការសិក្សាបង្ហាញថា សំណល់រឹងដែលអាចកែច្នៃបាន គ្រប់ប្រភេទមានប្រហែលជាពី ៧០-៨០% នៃបរិមាណសំណល់សរុប។ ដោយឡែក នៅរាជធានីភ្នំពេញ និងក្រុងធំៗ បរិមាណសំណល់ប្រហែលពី ៧០% ទៅ៨០% នៃបរិមាណសំណល់សរុប ត្រូវប្រមូលទៅដាក់នៅទីលាន និងសម្រាប់ការកែច្នៃ។

ជាមួយគ្នានេះលោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ការគ្រប់គ្រងសំណល់រឹង សំរាមគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ សូមបងប្អូនប្រជាពលរដ្ឋចាត់ទុកទីក្រុងទីប្រជុំជន និងកន្លែងផ្សេងៗទៀតដែលបង ប្អូនរស់នៅកំពុងធ្វើការ និងកំពុងធ្វើអាជីវកម្មថាជាផ្ទះរបស់បងប្អូនដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ»។ លោកបន្ថែមថា ការវេចខ្ចប់និងទុកដាក់សំរាម មិនត្រឹមត្រូវ បោះចោលសំរាមអនាធិបតេយ្យនៅតាមទីសាធារណៈ និងតាមបណ្តោយផ្លូវនា នានឹងនាំឱ្យមានផលវិបាកជាច្រើនដូចជាការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យ មានជំនន់ពេលរដូវភ្លៀង ធ្វើឱ្យបាត់បង់សោភ័ពភាពទីក្រុង និងទីប្រជុំជន ជាជម្រកមេរោគ និងបង្កជាតិពុលថែមទៀតផង។

នៅចំពោះមុខនៃការកើនឡើងនៃសំរាមនេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានស្នើសុំឱ្យគ្រប់ភាគី ទាំងអស់ត្រូវរួមសហការគ្នា សម្អាតអនាម័យបរិស្ថាន និងធ្វើការវេចខ្ចប់និងញែកសំរាមឱ្យបានត្រឹមត្រូវ និង មិនត្រូវមើលបំណាំគ្នានោះទេ ព្រោះប្រសិនកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នាដែលត្រូវបោសសម្អាត និង ថែរក្សាអនាម័យ បរិស្ថានឱ្យល្អ និងធ្វើឱ្យបរិស្ថាននៅកម្ពុជាមាននិរន្តរភាព ប្រកបដោយគុណភាព។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់សម្អាត អនាម័យបរិស្ថានជុំវិញខ្លួន និងសូម ចូលរួមថែរក្សាអនាម័យបរិស្ថាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់។

ទន្ទឹមនឹងនេះ លោកបានឱ្យដឹងថា ក្រសួងបរិស្ថានបន្តនិងពង្រឹងការអនុវត្តលិខិតបទដ្ឋាននានាស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដើម្បីពង្រឹងការទទួលខុសត្រូវ របស់ក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ហើយក្រសួងនឹងតាមដានក៏ដូចជាពង្រឹងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដែលបានប្រគល់ជូន រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រសួងបរិស្ថានក៏ជំរុញនិងលើកទឹកចិត្តដល់ការកែច្នៃសំរាម និងសំណល់ប្លាស្ទិកនៅក្នុងស្រុក។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា គុណភាព និងនិរន្តរភាពបរិស្ថាន នៅក្នុងប្រទេសកម្ពុជាត្រូវបានធានា គឺចាំបាច់ត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រោះបរិស្ថានគឺជាបញ្ហារបស់យើ់ងទាំងអស់គ្នា ហើយសំរាមគឺជាក្តីកង្វល់រួម។ ហេតុដូច្នេះហើយបានជាត្រូវ រួមគ្នាធ្វើអនាម័យបរិស្ថាន និងគ្រប់គ្រងសំណល់រឹងសំរាមដែលយើងទាំងអស់គ្នាបង្កើតឱ្យបានល្អត្រឹមត្រូវ៕