(ក្រចេះ)៖ កសិករជាច្រើនឃុំនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលរងគ្រោះដោយសារទឹកជំនន់នោះ បច្ចុប្បន្នកំពុងដង្ហោយរកពូជស្រូវ ដើម្បីព្រោះឲ្យទាន់ពេលមានទឹកភ្លៀងធ្លាក់បញ្ជូនចុងរដូវ។
អ្នកស្រី លុយ សាវី កសិករនៅក្នុងឃុំសណ្តាន់ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះថា រូបគាត់មិនទាន់ទទួលបានពូជស្រូវសម្រាប់យកទៅព្រោះនៅឡើយទេ ខណៈអាជ្ញាធរបានស្រង់យកឈ្មោះរបស់គាត់រួចហើយ។ អ្នកស្រី សាវី បានលើកឡើងថា ប្រសិនបើការចែកពូជស្រូវនេះ មានភាពយឺតយ៉ាវអាចនឹងធ្វើឲ្យការព្រោះស្រូវរបស់ពួកគាត់ជួបបញ្ហា ព្រោះទឹកភ្លៀងបញ្ជូនចុងរដូវនេះជិតអស់ទៅហើយ។
កសិករក្នុងឃុំសណ្តាន់ម្នាក់ទៀត លោក ដារា បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងឃុំដទៃ ដូចជាសំបុក ស្រុកចិត្របុរី បានទទួលពូជស្រូវអស់ហើយ តែសម្រាប់ភូមិរបស់លោកមិនទាន់ទទួលបាននៅឡើយនោះទេ។ លោកបានសម្តែងការងឿងឆ្ងល់ហេតុអ្វីកសិករនៅស្រុកដទៃគេបាន ហើយសម្រាប់រូបលោកហេតុអ្វីមិនទាន់បាន?
ទាំងអ្នកស្រី សាវី និងលោក ដារា សុទ្ធតែបានបង្ហាញក្តីព្រួយបារម្ភថា ប្រសិនបើការចែកចាយពូជស្រូវនេះមានការយឺតយ៉ាវការបង្កបង្កើននៅរដូវទឹកសម្រករបស់ពួកគាត់នឹងជួបបញ្ហា។
ពាក់ព័ន្ធបញ្ហាពូជស្រូវនេះ មេឃុំសណ្តាន់ លោក គីវ ផល្លា បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងស្រុកសំបូរដែលរងគ្រោះទឹកជំនន់ជន់លិចមានចំនួន៣ឃុំ ហើយត្រូវការពូជស្រូវប្រមាណជា ៥០តោន។ លោកមេឃុំ បានអះអាងថា អាជ្ញាធរស្រុកបានសាកសួររឿងពូជស្រូវនេះទៅខាងមន្ទីរកសិកម្មរួចហើយ តែត្រូវបានមន្ទីរកសិកម្មអះអាងថា រឿងពូជស្រូវនេះ ស្ថិតនៅលើដៃរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ។
បើតាមលោកមេឃុំសណ្តាន់ ភាពយឺតយ៉ាវក្នុងការចែកពូជស្រូវនេះ ដោយសារតែគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយដើររកទិញពូជស្រូវមិនទាន់បាន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឲ្យត្រៀមពូជស្រូវចែកជូនប្រជាកសិករឲ្យបានទាន់ពេលវេលានៅក្នុងពេលទឹកស្រកនេះ ដើម្បីឲ្យកសិកររងគ្រោះដោយសារទឹកជំនន់នេះ អាចព្រោះស្រូវបានទាន់ពេលមានភ្លៀងធ្លាក់នៅចុងរដូវនេះ៕