(សេអ៊ូល)៖ កូរ៉េខាងជើង ត្រូវបានគេប៉ាន់ស្មានថា មានអាវុធនុយក្លេអ៊ែ រហូតដល់៦០គ្រាប់, នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់មួយរូប របស់កូរ៉េខាងត្បូង បានប្រាប់ទៅកាន់ក្រុមសមាជិកសភា ហើយត្រូវបានចុះផ្សាយឲ្យដឹងដោយសារព័ត៌មាន AP នាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ។ នេះគឺជាការបង្ហាញឲ្យដឹងជាសាធារណៈ ជាលើកដំបូងរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល ស្តីពីទំហំនៃឃ្លាំងអាវុធ របស់កូរ៉េខាងជើង។
រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Cho Myoung-gyon បានប្រាប់ទៅកាន់សមាជិកសភា កាលពីថ្មីៗនេះថា តាមការប៉ាន់ស្មានទៅលើទំហំនៃឃ្លាំងអាវុធ របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង គឺមានគ្រាប់បែកនុយក្លេអ៊ែ ចាប់ពី២០រហូតដល់៦០គ្រាប់។ លោកបានបញ្ជាក់ថា តួរលេខនេះបានមកពីក្រុមអាជ្ញាធរស៊ើបការណ៍សម្ងាត់។
ដោយឡែកស្ថាប័នស៊ើបយកការណ៍សម្ងាត់ជាតិ របស់កូរ៉េខាងត្បូង មិនបានធ្វើការបកស្រាយនោះទេ ពាក់ព័ន្ធនឹងបញ្ហានេះ។
ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា ការបង្ហាញពីចំនួននៃគ្រាប់បែកនុយក្លេអ៊ែ របស់កូរ៉េខាងជើងនេះ មិនមែនមានន័យថា កូរ៉េខាងត្បូង នឹងទទួលស្គាល់កូរ៉េខាងជើង ជាប្រទេសនុយក្លេអ៊ែនោះទេ ហើយបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង គឺនៅតែបន្ត៕